(ភ្នំពេញ)៖ ក្រោមបញ្ជារបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ, លោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌ បានបន្តដឹកនាំកម្លាំងសមត្ថកិច្ច ចុះត្រួតពិនិត្យទីតាំងបញ្ចាំ និងបង្ក្រាបទីតាំងបើកលេងល្បែងស៉ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានខណ្ឌ។

យុទ្ធនាការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយចុះត្រួតពិនិត្យចំនួន២ទីតាំងផ្សេងគ្នា និងបានរកឃើញម៉ូតូចំនួន៩២គ្រឿង។ ទីតាំងទី១ គឺហាងបញ្ចាំយីហោ ដារ៉ារិទ្ធី ផនសប ម្ចាស់ហាងឈ្មោះ ចាន់ ប៊ុនថេន មានប័ណ្ណពន្ធប៉ាតង់ និងអាជ្ញាបណ្ណមានសុពលភាពត្រឹមត្រូវ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ដោយពិនិត្យឃើញម៉ូតូចំនួន២៦គ្រឿង មានឯកសារទទួលបញ្ចាំចេញពីម្ចាស់ត្រឹមត្រូវ មិនជាប់ការសង្ស័យជាម៉ូតូពាក់ព័ន្ធបទល្មើសនោះទេ។

ទីតាំងទី២ ហាងបញ្ចាំយីហោ រ៉ាម៉ាណែត ព្រែកប្រា ម្ចាស់ហាងឈ្មោះ ញ៉ក់ ធារ៉ា មានប័ណ្ណពន្ធប៉ាតង់ និងអាជ្ញាប័ណ្ណមានសុពលភាពត្រឹមត្រូវ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ពិនិត្យឃើញម៉ូតូចំនួន៦៦ គ្រឿងមានឯកសារពាក់ព័ន្ធត្រឹមត្រូវ។

ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យហាងទទួលបញ្ចាំនេះ កម្លាំងចម្រុះបានធ្វើកំណត់ហេតុ និងបំពេញឯកសារតាមនីតិវិធី និងប្រគល់ម៉ូតូដែលម្ចាស់យកទៅបញ្ចាំឲ្យទៅម្ចាស់ហាងទទួលបញ្ចាំវិញ។

ជាមួយគ្នានេះ លោកអភិបាលរងខណ្ឌ បានណែនាំដល់ម្ចាស់ហាងទទួលបញ្ចាំត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកដែលយកមធ្យោបាយផ្សេងៗ មកដាក់បញ្ចាំ ជាពិសេសត្រូវពិនិត្យទៅលើឯកសារពាក់ព័ន្ធជាមួយ មធ្យោបាយទាំងនោះឲ្យបានហ្មត់ចត់ជាមុនសិន បើត្រឹមត្រូវហើយ ចាំទទួលបញ្ចាំ។ ករណីសង្ស័យថា មិនប្រក្រតីត្រូវរាយការណ៍ប្រាប់សមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការ៕