(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ក្រុមតំណាងនិស្សិតកម្ពុជាទទួលអាហារូបករណ៍ ទៅសិក្សានៅប្រទេសចិនទទួលបានជូនដំណើរ ការណែនាំ និងផ្តល់អនុសាសន៍ពីលោក ពិត ចំណាន រដ្ឋមន្ត្រីស្តីទី ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោកWang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ពិធីជូនដំណើរនេះត្រូវបានរៀបចំឡើង ដោយស្ថានទូតចិនប្រចាំកម្ពុជា ហើយមានការចូលរួមពីក្រុមនិស្សិត តំណាងឲ្យ២៣ខេត្ត ដោយពួកគាត់នឹងត្រូវទៅបន្តការសិក្សានៅប្រទេសចិនឡើងវិញ ក្រោយពេលស្ថានភាពកូវីដ១៩ បានធូរស្រាល។ ជំហានដំបូងនេះ គឺមាននិស្សិត៣៥០នាក់ដែលទទួលបានទិដ្ឋការ (Visa) ទៅសិក្សានៅប្រទេសចិន ក្រោមការសម្របសម្រួលយ៉ាងច្រើន ពីរដ្ឋាភិបាលចិន ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ជាដើម។
យុវជន ហ៊ូន ប៊ុនរ័ត្ន ជានិស្សិតដែលត្រូវទៅសិក្សានៅប្រទេសចិន ផ្នែកវេជ្ជសាស្ត្រ រយៈពេល៦ឆ្នាំ បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា អាហារូបករណ៍ចិនពិតជាមានសារៈសំខាន់ណាស់ សម្រាប់យុវជនកម្ពុជាគ្រប់រូប ពីព្រោះអាចជួយកាត់បន្ថយបន្ទុកគ្រួសារយ៉ាងច្រើន និងអាចទៅសិក្សានៅប្រទេសដែលមានលក្ខណៈធំទូលាយ និងមានគុណភាពលំដាប់អន្តរជាតិ ដែលអាចឲ្យយើងទទួលបានចំណេះដឹងជាច្រើន យកមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែជឿនលឿន។
សម្លេង៖ «ខ្ញុំសូមថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជា ដែលបានជួយជ្រោមជ្រែងឲ្យរូបខ្ញុំបាទ បានទៅសិក្សានៅប្រទេសចិនឡើងវិញ និងក៏សូមអរគុណក្រសួងអប់រំ ជាពិសេស អាហារូបករណ៍របស់រដ្ឋាភិបាលចិន... ខ្ញុំសូមជូនពរដល់ចំណងមិត្តភាពប្រទេសកម្ពុជានិងប្រទេសចិន ឲ្យមានភាពយូរអង្វែង និងមានការអភិវឌ្ឍ កាន់តែជឿនលឿនខ្លាំងជាងមុន ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់យុវជនកម្ពុជា ដូចជា មានឱកាសទៅសិក្សានៅប្រទេសចិន ហើយមានសមត្ថភាពធ្វើការងារច្រើន នៅកម្ពុជា»។
រីឯកញ្ញា ចាន់ ស៉ីវលី ជានិស្សិតត្រូវទៅសិក្សាជំនាញហិរញ្ញវត្ថុ រយៈពេល៤ឆ្នាំ នៅប្រទេសចិនបានមានប្រសាសន៍ថា ពិតជាមានអារម្មណ៍រំភើបរីករាយណាស់ បានទៅចូលរួមកម្មវិធីជូនដំណើររបស់ស្ថានទូតចិន សម្រាប់និស្សិតខ្មែរទៅសិក្សានៅប្រទេសចិន ព្រោះថា កម្មវិធីបែបនេះត្រូវបានខកខានរៀបចំជាយូរមកហើយ ដោយសារតែស្ថានភាពជំងឺកូវីដ១៩។
សម្លេង៖ «ខ្ញុំចង់ជូនពរដល់ចំណងមិត្តភាពខ្មែរ-ចិន ឲ្យកាន់តែយូរអង្វែង ទៅមុខបន្តទៀត ហើយជួយបណ្តុះបណ្តាលកូនខ្មែរជំនាន់ក្រោយ ឲ្យពួកគាត់ស្គាល់កាន់តែច្រើន ពីវប្បធម៌ អរិយធម៌ និងចំណេះដឹង ពីបរទេសយកមកអភិវឌ្ឍន៍ប្រទេសជាតិវិញ»។
កញ្ញាបានបញ្ជាក់ដែរថា អាហារូបរណ៍ចិនពិតជាបានជួយដល់និស្សិតខ្មែរជាច្រើន ក្នុងនោះ ក្រៅពីជួយសម្រួលបន្ទុកគ្រួសារ ក៏បានជំរុញទឹកចិត្តដល់និស្សិតមានភាពក្លាហានទទួលយកការអភិវឌ្ឍខ្លួនឯងកាន់តែខ្លាំង ហើយត្រលប់មកពីប្រទេសចិនវិញ គឺអាចជួយអភិវឌ្ឍន៍ប្រទេសជាតិខ្លួន និងជួយផ្សព្វផ្សាយចំណេះដឹងដល់យុវជនជំនាន់ក្រោយៗទៀត។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា ប៉ុន្មានឆ្នាំមកនេះ និស្សិតកម្ពុជា ភាគច្រើនដែលសិក្សានៅប្រទេសចិន បានចូលរួមយ៉ាងសកម្មក្នុងការកសាងជាតិកម្ពុជា ហើយបានខិតខំជាអ្នកបន្តវេននៃបុព្វហេតុមិត្តភាពចិន-កម្ពុជា។
សម្លេង៖ «យើងនឹងមិនភ្លេចថា នៅដើមឆ្នាំ ២០២០ បន្ទាប់ពីការរកឃើញដំបូងនៃការរីករាលដាលនៃមេរោគថ្មីនៅទីក្រុង Wuhan ប្រទេសចិន និស្សិតកម្ពុជានៅទីនោះមិនប្រញាប់ប្រញាល់ជម្លៀសចេញនោះទេ ប៉ុន្តែបានជ្រើសរើសស្នាក់នៅជាមួយគ្រូបង្រៀន និងមិត្តរួមថ្នាក់របស់ពួកគេ។ តាមរយៈនេះ យើងអាចមើលឃើញអនាគតដ៏ភ្លឺស្វាងនៃមិត្តភាពចិន-កម្ពុជា»។
លោក Wang Wentian គូសបញ្ជាក់ថា រដ្ឋាភិបាលចិន និងកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ ការវិលត្រឡប់របស់និស្សិតកម្ពុជាទៅកាន់ប្រទេសចិន។ ថ្វីត្បិតតែជំងឺរាតត្បាតថ្មីមិនទាន់បញ្ចប់ក៏ដោយ ក៏ប្រទេសចិនបានសម្រេចអនុញ្ញាតឱ្យនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិនត្រឡប់ទៅសាលារៀនវិញ និងបន្តថ្នាក់រៀនឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សម្លេង៖ «នៅពេលអ្នកសិក្សានៅប្រទេសចិន អ្នកមិនត្រឹមតែអាចរៀនចំណេះដឹងតាមសៀវភៅសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានបទពិសោធន៍ពីវប្បធម៌ចិន ភ្លក់រសជាតិអាហារចិន ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺមានអារម្មណ៍ថាមានមិត្តភាពរវាងចិន និងកម្ពុជា។ ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នា ទទួលបានជោគជ័យក្នុងការសិក្សា និងអនាគតដ៏ភ្លឺស្វាង»។
លោក Wang Wentian សង្ឃឹមយ៉ាងមុតមាំថា និស្សិតកម្ពុជានឹងក្លាយជាអ្នកកសាងការអភិវឌ្ឍន៍ជាតិ និងបន្តទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ជាមួយគ្នានេះ លោក ពិត ចំណាន បានផ្តាំផ្ញើដល់និស្សិតទាំងអស់គោរពឲ្យបាននូវវិន័យរបស់សាលា និងច្បាប់របស់ប្រទេសចិន និងយកចិត្តទុកដាក់រៀនសូត្រ។ ឯកឧត្តមចាត់ទុកយុវជនទាំងនោះ ជានិស្សិតផង និងជាអ្នកកាទូតផង ព្រោះពួកគាត់ជាតំណាងខ្មែរ ដូច្នេះ ក្នុងន័យមិត្តភាពរវាងកម្ពុជានិងចិន និស្សិតគឺសំខាន់ណាស់លើការផ្សាភ្ជាប់ទំនាក់ទំនង រវាងពូកគាត់ជាមួយគ្រូជនជាតិចិន និងនិស្សិតចិនដែរ ដែលនោះហើយគឺជាមិត្តភាពជ្រាលជ្រៅបំផុត។ ឯកឧត្តមគូសបញ្ជាក់ថា ចិនគឺជាប្រទេសមហាអំណាចនៃបច្ចេកវិទ្យា ដែលជាឱកាសដ៏ល្អសម្រាប់និស្សិតកម្ពុជា។
«តាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូតចិន ក្នុងនាមក្រសួងអប់រំ សូមសម្តែងនូវការអរគុណជាថ្មីម្តងទៀត អរគុណហើយ អរគុណទៀត ចំពោះរដ្ឋាភិបាលចិន ថ្នាក់ដឹកនាំចិន ក៏ដូចជា សកលវិទ្យាល័យចិនទាំងអស់ដែលទទួលនិស្សិតកម្ពុជា ហើយបានផ្តល់នូវការកក់ក្តៅចំពោះនិស្សិតកម្ពុជា ទៅរៀននេះ ផ្តល់អាទិភាពច្រើនណាស់ដល់និស្សិតកម្ពុជា»។
លោក អ៊ុ វុទ្ធទី ស្ថាបនិកនិងជាប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ដែលបានដឹកនាំក្រុមនិស្សិតចូលរួមកម្មវិធី នាពេលនោះ បានមានប្រសាសន៍ផងដែរថា បើទោះបីជាបច្ចុប្បន្ន រដ្ឋាភិបាលចិនបានអនុវត្តគោលនយោបាយ សូន្យកូវីដ ដែលមានការរឹតត្បិតខ្លាំងក្នុងការចូលទៅប្រទេសចិនក៏ដោយ ក៏និស្សិតកម្ពុជាត្រូវបានបញ្ជូនទៅជាបណ្តើរៗឡើងវិញហើយ ដែលនេះគឺស្ថិតក្រោមចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ហើយអាចនិយាយបានថា និស្សិតខ្មែរគឺជានិស្សិតបរទេសដំបូងគេ ដែលអាចចូលទៅប្រទេសចិន ក្នុងពេលចិនរឹតត្បិតខ្លាំងបែបនេះ។
«សូមជម្រាបផងដែរថា នៅប្រទេសចិន និស្សិតខ្មែរយើងមាន១៧០០នាក់ ដែលសិក្សានៅ ២៧ខេត្ត ក្រុង ក្នុងជាង១០០សកលវិទ្យាល័យ នៅប្រទេសចិន ភាគច្រើន ជាថ្នាក់បរិញ្ញាប័ត្រ បរិញ្ញាប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ហើយសិក្សាជំនាញផ្សេងៗគ្នា ដូចជា វិស្វករ ច្បាប់ សេដ្ឋកិច្ច និងផ្សេងៗទៀត គឺច្រើនជំនាញណាស់»។
ក្នុងឱកាសនោះដែរ លោក ពិត ចំណាន រដ្ឋមន្ត្រីស្តីទី ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងក្រុមនិស្សិតទាំងអស់ក៏បានអញ្ជើញថតរូបជាអនុស្សាវរីយ៍ នៅសួនមិត្តភាពកម្ពុជាចិន ស្ថិតក្នុងបរិវេណនៃស្ថានទូតចិនប្រចាំកម្ពុជា ក្នុងបរិយាកាសយ៉ាងរីករាយក្រៃលែង៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)