(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានបន្ដប្រតិបត្តិការចុះពិនិត្យទីតាំងហាងបញ្ចាំសង្ស័យខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌទួលគោក។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយអនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធការបង្ក្រាបបទល្មើសល្បែងស៉ីសងខុសច្បាប់។

គួរជម្រាបថា ក្នុងប្រតិបត្តិការប៉ុន្មានថ្ងៃមកនេះ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតូជាច្រើនរយគ្រឿង ដែលបញ្ចាំដោយគ្មានឯកសារត្រឹមត្រូវ ហើយត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីផ្សព្វផ្សាយស្វែងរកម្ចាស់៕