(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្កិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។

ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ត្រូវបានផ្លាស់ប្តូរមុខតំណែងជា សមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងតែងតាំងលោកវរសេនីយ៍ឯក លី ដារិទ្ធ ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យជំនួសវិញ និងបានបំពាក់ឋានន្តរសក្កិថ្នាក់ឧត្តមសេនីយ៍ត្រីផងដែរ។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមតបតាមការអញ្ជើញរបស់កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងបានថ្លែងថា ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែងកន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍៤ជាគន្លឹះ រួមមាន៖

*ទី១៖ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន
*ទី២៖ រៀបចំធនធានមនុស្សឱ្យស្របនិងសមត្ថភាពជំនាញ និងនិស្ស័យ
*ទី៣៖ ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន
*ទី៤៖ ជាការចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យអង្គភាព ស្ថាប័នរីកចម្រើន ព្រមៗគ្នា។

លក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថទាមទារនូវលក្ខណសម្បត្តិគឺ សុខភាពល្អ កាយសប្បទាមាំមួន មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិងបទពិសោធន៍ ក្នុងការដឹកនាំបញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលះបង់ គម្រូ ឧស្សាហព្យាយាម មានភាពក្លាហាន និងមានស្មារតីទទួលខុសត្រូវ ចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទទួលទណ្ឌកម្មតាមច្បាប់លក្ខន្តិក នៃកងយោធពលខេមរភូមិន្ទឬការផ្តន្ទាទោសតាមផ្លូវតុលាការ ព្រមទាំងទទួលបាននូវការគោរពស្រឡាញ់ពីមិត្តភក្តិក្នុងអង្គភាព និងមហាជនប្រជាជន។

នាយឧត្តមសេនីយ៍ សៅ សុខា ថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដែលបានជួយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំ បញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយ កិត្តិយស ទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និងសូមជូនពរលោកឧត្តមសេនីយ៍ ទទួលតួនាទី ភារកិច្ចនៅកន្លែងថ្មី បន្តទទួលបានជោគជ័យ។

ចំពោះមេបញ្ជាការ ដែលត្រូវទទួលបាននូវការតែងតាំងនាថ្ងៃនេះ គឺលោកវរសេនីយ៍ឯក លី ដារិទ្ធ គម្បីត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូលត្រូវយល់ដឹង និងអនុវត្តរួមមាន៖ ហូប, ស្លៀកពាក់់, ស្នាក់នៅ, សុខភាព, អប់រំរៀនសូត្រ, មធ្យោបាយធ្វើដំណើរ, កំសាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក, ថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់ គ្រប់គ្រងអចលនទ្រព្យ ដំណើរការ ការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព, ការងារកសាងអង្គភាពទីកន្លែងធ្វើការងារ, ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ, ទីកន្លែងសម្រាប់ការស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព។

ការងារដឹកនាំ គ្រប់គ្រង បញ្ជាអង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់នូវតួនាទី ភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោកចំពោះប្រទេសជាតិ ត្រូវតែការពារ ចំពោះប្រជា ត្រូវតែបម្រើ ច្បាប់ ត្រូវតែគោរព បទល្មើស ត្រូវតែបង្ក្រាប ពិសេសល្បែងសុីសងខុសច្បាប់ ក្រោមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧កន្លងទៅថ្មីៗនេះ ឱ្យមានប្រសិទ្ធិភាពខ្ពស់៕