(ភ្នំពេញ)៖ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ វត្ថុបុរាណចំនួន២៥៨រូប ត្រូវបានប្រគល់ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបាត់បង់ក្នុងសម័យកាលសង្គ្រាម។ នេះបើតាមការឲ្យដឹងពីលោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
លោក ឡុង ប៉ុណ្ណាសិរីវត្ថ បានបញ្ជាក់ថា វត្ថុបុរាណដែលបានត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញនោះរួមមាន សហរដ្ឋអាមរិក ចំនួន៣៣រូប, ជប៉ុន ចំនួន៧១រូប, ហុងគ្រី ចំនួន១១០រូប, អង់គ្លេស ចំនួន១៦រូប និងប្រទេសថៃ ចំនួន២៨រូប។ លោកបានអះអាងថា ការងារខិតខំប្រឹងប្រែងដើម្បីយកវត្ថុបុរាណរបស់កម្ពុជា ដែលបាត់បង់ត្រឡប់មកមាតុប្រទេសវិញនេះ គឺដឹកនាំផ្ទាល់ដោយ លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្ទាល់តែម្ដង។
អ្នកនាំពាក្យក្រសួងវប្បធម៌រូបនេះ បានបន្ដទៀតថា ការទាមទារនូវវត្ថុបុរាណរបស់កម្ពុជាត្រឡប់មកវិញនេះ ប្រើប្រាស់នូវយន្ដការចំនួន៣សំខាន់ៗ រួមមាន៖
*ទី១៖ ការអំពាវនាវដោយស្ម័គ្រចិត្ត ចំពោះអ្នកដែលមានវត្ថុបុរាណរបស់កម្ពុជានៅក្រៅប្រទេស ធ្លាប់បានទិញទៅដោយចៃដន្យ
*ទី២៖ តាមកិច្ចព្រមព្រាង ឬការចរចារគ្នាដើម្បីទាមទារយកវត្ថុបុរាណនេះត្រឡប់មកវិញ
*ទី៣៖ ធ្វើការទាមទារដោយតតាំងតាមផ្លូវច្បាប់។
លោក ឡុង ប៉ុណ្ណាសិរីវត្ថ បានឲ្យដឹងបន្ថែមថា បើគិតចាប់តាំងពីឆ្នាំ១៩៩៦ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាទាមទារយកវត្ថុបុរាណដែលបានបាត់បង់ត្រឡប់មកពីបរទេសវិញ បានប្រមាណជាង៦០០រូប៕