(កំពង់ចាម)៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និវត្តជន អតីតយុទ្ធជនកម្ពុជា និងអ្នកសារព័ត៌មាន នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឲ្យមន្ត្រីរាជការទាំងអស់ ថែរក្សាមរតកចាស់ និងខិតខំប្រឹងប្រែងបង្កើនសមត្ថភាពអភិវឌ្ឍន៍ បន្សល់ទុកសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់អ្នកជំនាន់ក្រោយ។

លោកអភិបាលខេត្ត បានយកឱកាសនោះកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្ត្រីរាជការទាំងអស់ ព្រមទាំងមន្ត្រីរាជការអតីតនិវត្តជនរបស់សាលាខេត្ត និងអតីតយុទ្ធជនទាំងអស់ ដែលបានរួមគ្នាសហការ គាំទ្រ ដើម្បីបំពេញការងារធ្វើឲ្យរដ្ឋបាលខេត្តកំពង់ចាម អាចសម្រេចបាននូវគោលដៅសំខាន់ៗ ទៅតាមផែនការប្រចាំឆ្នាំ ដែលបានគ្រោងទុក នឹងធ្វើឲ្យខេត្តកំពង់ចាម ជាខេត្តមួយគំរូ ដែលបានទទួលការកោតសរសើរ ពីប្រជាពលរដ្ឋ ក៏ដូចជាពីសំណាក់ថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ប៉ុន្តែយ៉ាងណាក៏ដោយ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានក្រើនរំលឹក ដល់មន្ត្រីរាជការទាំងអស់ ដែលកំពុងទទួលមរតក ពីថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឲ្យ ត្រូវចេះថែរក្សាមរតកទាំងនោះឲ្យបានគង់វង្ស ហើយត្រូវខិតខំប្រឹងប្រែងធ្វើការងារឲ្យអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍន៍សមិទ្ធផលថ្មី បន្សល់ទុកស្នាដៃ ក្នុងអាណត្តិរបស់ខ្លួន ទុកឱ្យអ្នកជំនាន់ក្រោយ អភិវឌ្ឍន៍បន្តទៀត។

ដូច្នេះមន្ត្រីរាជការទាំងអស់ ត្រូវចាំបាច់ពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងនោះត្រូវពង្រឹងសមត្ថភាពក្នុងចំណុះរដ្ឋបាលសាលាខេត្ត ពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ស្រុក ពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ឃុំ-ភូមិ ធ្វើយ៉ាងណា ឱ្យមានសមត្ថភាពពោរពេញទៅដោយសក្តានុពល ដែលអាចផ្ដល់សេវាជូនប្រជាពលរដ្ឋបានតាមតម្រូវការបាន៕