(ភ្នំពេញ)៖ លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ និងជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពលោក វិន ហាច ស្វាមីរបស់លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយស សមាគមតន្រី្តសំនៀងជនពិការ ដែលបានទទួលមរណភាព នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២១៖៣០នាទី ក្នុងជន្មាយុ ៧០ឆ្នាំ ដោយជំងឺដាច់សរសៃឈាមបេះដូង។

យោងតាមសាររំលែកទុក្ខបានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក សមាជិក សមាជិកា ជនមានពិការភាព នៃសមាគមតន្ត្រីសំនៀងជនពិការ ចំនួន ៦៥៤នាក់ មានក្តីក្តុកក្តួលរន្ធត់ចិត្តយ៉ាងខ្លាំងដោយបានទទួលដំណឹងថាលោក វិន ហាច ដែលត្រូវស្វាមីរបស់លោកជំទាវ ដែលបានទទួលមរណភាពនៅថ្ងៃពុធ ១១រោច ខែ ភទ្របទ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយជំងឺដាច់សរសៃឈាមបេះដូង»។

មរណភាពរបស់លោក វិន ហាច គឺជាការបាត់បង់ ស្វាមី ឪពុក បងប្អូន ជីតា ប្រកបដោយព្រហ្មវិហារធម៌ កតញ្ញុតាធម៌ និងជាទីគោរពស្រលាញ់របស់ក្រុមគ្រួសារទាំងមូល និងបានលះបង់បូជាកម្លំាង កាយ កម្លាំងចិត្ត ក្នុងការថែរក្សាបុត្រ បុត្រី និងចៅៗ ឱ្យក្លាយទៅជាពលរដ្ឋល្អក្នុងសង្គម។

យើងខ្ញុំសូមសម្តែងនូវក្តីក្រៀមក្រំសោកស្តាយយ៉ាងក្រៃលែង និងសូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារសព ដោយក្តីសង្វេគបំផុត និងសូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធ របស់លោក វិន ហាច សូមឆាប់បានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះពីយើងខ្ញុំ៕