(កណ្តាល)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកមុខកំពូល បានថ្លែងអំពាវនាវដល់ពុទ្ធបរិស័ទ និងប្រជាជាពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងកុំចាញ់បោកលើការបោកប្រាស់របស់ក្រុមប្រឆាំងអគតិមួយចំនួន ដែលនាំឲ្យជាតិបែកបាក់សាមគ្គីគ្នា។
លោក វង្សី វិស្សុត បានអំពាវនាវយ៉ាងដូចនេះនាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោក និងលោកស្រី វូ សុភៈទេវី ព្រមទាំងក្រុមគ្រួសារ និងសហការី ក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកមុខកំពូល រួមទាំងប្រជាពលរដ្ឋ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល រួមគ្នាអញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តរតនៈបុប្ជារាម ស្ថិតនៅក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
នាឱកាសនោះដែរលោក វង្សី វិស្សុត ព្រមទាំងក្រុមគ្រួសារ និងសហការីក្រុមការងារ រួមទាំង ពុទ្ធបរិស័ទទាំងអស់បាននិមន្តព្រះសង្ឃ ធ្វើកិច្ចនមស្សការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ បង្សុកូល ព្រមទាំងបាននាំយកនូវទេយ្យទានគ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណីជាច្រើនមុខ វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្ស ជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំង ប្រាំពីរសន្តាន ដែលបានបែកកាយរំលាយក្ខន្ធ ទៅកាន់លោក ខាងមុខ និងដើម្បីឧទ្ទិសជូនយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ និងមួយផ្នែកទៀត ឧទ្ទិសជូនប្រជាពលរដ្ឋខែ្មរ ដែលត្រូវបាន សម្លាប់ក្នុងរបប ប៉ុល ពត សូមឱ្យអំណាចផល្លានុសង្ឃ ដែលបានកើតអំពីពិធីបុណ្យនេះ ជួយយឹតយោងសណ្តោងដល់វិញ្ញាណក្ខន្ធអស់លោក ទាំងនោះឱ្យបានសោយសុខ ក្នុងសុខគតិភពជាភិយ្យោភាពតរៀងទៅ។
លោក វង្សី វិស្សុត ព្រមទាំងក្រុមគ្រួសារ និងសហការីក្នុងក្រុមការងារ បានប្រគេនទេយ្យទានដល់ព្រះសង្ឃ រួមទាំងបច្ច័យមួយចំនួនទៀត សម្រាប់បន្តកសាងសមិទ្ធផល ផ្សេងៗនៅក្នុងវត្ត និងបានជូនថវិកាមួយចំនួន ដល់គណៈកម្មការអាចារ្យ តាជីយាយជី និងពុទ្ធបរិស័ទដែលចូលរួមផងដែរ។
សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយ ដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផលកុសលផល បុណ្យទៅឲ្យ មាតាបិតា ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋាន ដើម្បីឲ្យពួកគាត់មកទទួលយកកុសលផល បុណ្យទៅកើតក្នុងសុគតិភព។
ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹង ចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះ ពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះ ត្រូវបានគេដោះលែងឲ្យមានសេរីភាព រយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ៕