(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល សម្រាប់ទទង់ដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានលើកឡើងថា អ.វ.ត.ក បានបន្សល់ទុកនូវកេរដំណែលដ៏ល្អនៅក្នុងសង្គមជាតិ។
លោកបានលើកឡើងបែបនេះ នៅក្នុងពិធីប្រកាសសាលដីការបស់អង្គជំនុំជម្រះតុលាការកំពូលន អ.វ.ត.ក. ចំពោះសំណុំរឿង០០២ ដំណាក់កាលទី២ ពាក់ព័ន្ធនឹង ខៀវ សំផន នាថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអំពីសមិទ្ធផលរបស់ សាលាក្តីខ្មែរក្រហម ហើយបញ្ជាក់ថា ក្រៅពីសមិទ្ធផលផ្នែកយុត្តាធិការខាងលើ អ.វ.ត.ក. ក៏កំពុងសម្រេចបាននូវសមិទ្ធផលមិនមែនផ្នែកយុត្តាធិការជាច្រើន និងបន្សល់ទុកនូវកេរដំណែលដ៏ល្អនៅក្នុងសង្គមជាតិ ដូចជា៖
ទី១៖ កេរដំណែលរបស់អ.វ.ត.ក. គឺត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់បំផុតដែលគួរថែរក្សាទុក និងផ្តល់ទុកឱ្យសម្រាប់មនុស្សជំនាន់ក្រោយ សម្រាប់ធ្វើការស្វែងយល់ ចងចាំ និងទប់ស្កាត់ការវិលត្រលប់នៃរបបប្រល័យពូជសាសន៍បែបនេះកើតឡើងជាថ្មីម្ដងទៀត តាមរយៈការងារអប់រំផ្សព្វផ្សាយទូលំ ទូលាយដល់យុវជនជំនាន់ក្រោយ។
ទី២៖ អ.វ.ត.ក. បានរួមចំណែកដល់ការរក្សាបាននៃសុខសន្តិភាព និងការផ្សះផ្សាជាតិនៅតាមមូលដ្ឋាន បានជួយពង្រឹងដល់នីតិរដ្ឋនិងបញ្ចប់និទណ្ឌភាពនៅកម្ពុជា។
ទី៣៖ អ.វ.ត.ក. បានក្លាយជាទីកន្លែងមួយសម្រាប់ផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍របស់ខ្លួនទៅដល់ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីច្បាប់ និងមេធាវី។ ជាក់ស្តែង ទស្សនទានអំពីរដ្ឋបាលតុលាការរបស់អ.វ.ត.ក. ត្រូវបានយកមកបង្កើតនិងដាក់ឱ្យអនុវត្តនៅក្នុងប្រព័ន្ធតុលាការជាតិ។
ទី៤៖ អ.វ.ត.ក. ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាតុលាការកូនកាត់គំរូមួយ សម្រាប់ធ្វើការវិនិច្ឆ័យ នូវឧក្រឹដ្ឋកម្ម និងការសម្លាប់រង្គាល និងក៏បានក្លាយទៅជាតុលាការគំរូបណ្តើរៗ ដែលប្រទេសមួយ ចំនួនបានយកទៅគិតគូរធ្វើជាគំរូក្នុងការបង្កើតតុលាការប្រហាក់ប្រហែលគ្នា ក្នុងក្របខណ្ឌស្វែងរក សន្តិភាពក្រោយចម្បាំងឬជម្លោះផ្ទៃក្នុង។
ទី៥៖ ជោគជ័យរបស់អ.វ.ត.ក. ត្រូវបានចាត់ទុកជាជោគជ័យរួមទាំងអស់គ្នា រួមមានៈ ប្រជាជនខ្មែរ ទាំងមូល រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ហើយគប្បីត្រូវបានលើក កម្ពស់ដើម្បីក្លាយជាគំរូតុលាការមួយ សម្រាប់ធ្វើការវិនិច្ឆ័យទោសចំពោះឧក្រឹដ្ឋកម្មធ្ងន់ធ្ងរ និង ការសម្លាប់រង្គាលនាពេលអនាគតនៅលើឆាកអន្តរជាតិ និងជាពិសេសនៅថ្នាក់តំបន់ ដើម្បីចូល រួមពង្រឹងប្រព័ន្ធច្បាប់យុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ក្រោយពីដំណើរការកាត់សេចក្តីគ្រោងបញ្ចប់នៅចុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បានយល់ព្រមលើ «កិច្ចព្រមព្រៀងបន្ថែមស្ដីពីការរៀបចំក្នុងពេលអន្តរកាល និង ការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ» និងបានចូលជាធរមានកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ កិច្ចព្រមព្រៀងបន្ថែមនេះតម្រូវឱ្យ អ.វ.ត.ក. បន្តអនុវត្តមុខងារសេសសល់ក្រោយតុលាការរបស់ខ្លួនសម្រាប់ រយៈពេល៣ឆ្នាំបន្ថែម គឺពីឆ្នាំ២០២៣ ដល់២០២៥។
លោកអះអាងថា មុខងារសេសសល់ក្រោយតុលាការគឺរួមមានការងារ គតិយុត្តិមួយចំនួនរួមទាំងការគ្រប់គ្រងនិងការផ្សព្វផ្សាយបណ្ណសារស្ដីពីសំណុំរឿងរបស់អ.វ.ត.ក. ឱ្យបាន ទូលំទូលាយ។ ការងារធំមួយផ្នែកទៀត គឺផ្ដោតទៅលើការអប់រំនិងការផ្សព្វផ្សាយស្តីពីសមិទ្ធផលនិង កេរដំណែលរបស់អ.វ.ត.. និងការពិនិត្យតាមដានការអនុវត្តសំណងដែលមានលក្ខណះផ្លូវចិត្តនិង សមូហភាពដល់ដើមបណ្តឹងរដ្ឋប្បវេណីដែលបានសម្រេចផ្ដល់ឱ្យដោយអ.វ.ត.ក.។ ការងារទាំងនេះមាន សារៈសំខាន់ក្នុងការធានាថា“ជនរងគ្រោះនៃរបបខ្មែរក្រហមមិនត្រូវបានគេបំភ្លេចចោល» ក្រោយពេល បញ្ចប់អាណត្តិការងាររបស់អ.វ.ត.ក.។
លោកបានបញ្ជាក់បន្ថែមទៀតថា៖ នៅក្នុងអំឡុងពេលអនុវត្តមុខងារសេសសល់រយៈពេល៣ឆ្នាំ ខាងលើ គម្រោងមួយចំនួននឹងត្រូវបង្កើតឡើងពាក់ព័ន្ធទៅនឹងការងារអប់រំ និងការគាំទ្រដល់ជនរងគ្រោះក្នុងគោលដៅរម្លឹកការចងចាំ ដើម្បីទប់ស្កាត់ការវិលត្រលប់នៃរបបសាហាវយង់ឃ្នងបែបនេះទៀត៕