(ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងពីតម្លៃនៃសុខសន្តិភាព ដែលយើងទាំងអស់គ្នារកមកបានដោយលំបាក លំបិនបំផុត ដូច្នេះ សូមកុំចង់សាកល្បងជាថ្មីម្តងទៀតចំពោះសង្គ្រាម ចម្បាំង រាំងជល់ ដែលប្រជាជាតិកម្ពុជាធ្លាប់បានហែលឆ្លងកាត់អស់ជាច្រើនឆ្នាំនាពេលកន្លងទៅ ជាពិសេសការកាន់កាប់ប្រទេសជាតិដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាអ្នកឈ្នះសង្គ្រាមលើរបប លន់ ណុល បានកាប់សម្លាប់ប្រជាជនស្លូតត្រង់អស់រាប់លាននាក់ និងបានបំបាត់សាសនាទាំងស្រុង។
ការលើកឡើងបែបនេះ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី១២ នៅវត្តជម្ពូរសុវណ្ណ ហៅវត្តត្រពាំងព្រីង ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំជាមួយបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តប្រកបដោយទឹកចិត្តជ្រះថ្លាបំផុតចំពោះពិធីបុណ្យប្រពៃណីជាតិដ៏មានសារសំខាន់មួយនេះ។
ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ ដែលជាពុទ្ធសាសនិក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដូចនេះហើយ យើងទាំងអស់គ្នាត្រូវតែចងចាំពីផលវិបាកនៃសង្គ្រាម ដោយត្រូវរួបរួមគ្នាក្នុងការថែរក្សាសុខ សន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃ ហើយត្រូវបន្តខិតខំក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចំរើនបន្ថែមទៀត។ យើងមានឱកាសមកជួបជុំគ្នាធ្វើបុណ្យ ធ្វើទានបានដូចថ្ងៃនេះ គឺអាស្រ័យដោយប្រទេសជាតិយើងគ្មានសង្គ្រាម គ្មានចម្បាំងរាំងជល់ដូចកាលពីអតីតកាល បើពុំដូច្នោះទេគឺ យើងទាំងអស់គ្នាគ្មានឱកាសបានជួបជុំធ្វើបុណ្យដូចជាពេលនេះសោះហើយ»។
ពិធីបុណ្យកាន់បិណ្ឌនេះបានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ ដោយក្នុងឱកាសអញ្ជើញដល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដុតធូប និងថ្វាយគ្រឿងសក្ការបូជានៅចំពោះព្រះ ភក្ត្រព្រះពុទ្ធរូបនៅក្នុងព្រះវិហារ ថ្វាយគ្រឿងសក្ការៈចំពោះចេតីយ៍គ្រូឧបជ្ឈារបស់សម្តេចដែលសម្តេចធ្លាប់បានបួសរៀនជាមួយកាលពីអតីតកាល ព្រមទាំងបានអញ្ជើញសមាទានសីលនៅក្នុងសាលាធម្មទានជាមួយលោក លោកស្រី មន្ត្រីអ្នកមុខ អ្នកការ និងប្រជាពុទ្ធបរិស័ទជាកិច្ច ដំណើរការនៃពិធីបុណ្យកាន់បិណ្ឌទី១២នេះ ទៅតាមទំនៀមទម្លាប់ និងតាមលំដាប់លំដោយផងដែរ។
សូមជម្រាបជូនថា វត្តជម្ពូរសុវណ្ណ ហៅវត្តត្រពាំងព្រីង ជាវត្តមានវ័យចំណាស់មួយដែលស្ថិតនៅជិតព្រំដែនប្រទេសវៀតណាម ជាទីកន្លែង ដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ធ្លាប់បានបួស និងសិក្សារៀនសូត្រជាមួយព្រះសង្ឃកាលពីសម្តេចនៅកុមារភាព ហើយបន្ទាប់ពីបានក្លាយជាអ្នកដឹកនាំប្រទេសមួយរូបនៅក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ សម្តេចប្រធានរដ្ឋសភាបានចូលរួម ចំណែកយ៉ាងសកម្មបំផុតក្នុងការអភិវឌ្ឍទីអារាមវត្តមួយនេះឱ្យសក្តិសមជាកន្លែងធ្វើបុណ្យចំពោះពុទ្ធសាសនារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ។
សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ព្រមទាំងបុត្រាបុត្រីក្រុមគ្រួសាររួមនឹងលោក លោកស្រីចូលរួមបានអញ្ជើញរាប់បាត្រប្រគេនភត្តហារបវរណាចតុបច្ឆ័យប្រគេនព្រះសង្ឃដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យដែលសម្តេចប្រធានរដ្ឋសភា បានប្រារព្ធធ្វើនាពេលនេះជូនចំពោះដួងវិញ្ញាណក័ន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតានិងញាតិការទាំង ៧សន្ថាន ដែលបានចែកឋានទៅកាន់លោកខាងមុខសូមអោយមកទទួលនូវផល្លាអានិសង្ឃដ៏ជ្រះថ្លាដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានឧទ្ទិសជូនតាមរយៈព្រះសង្ឃក្នុងឱកាសកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ និងសូមឱ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខ័ន្ធបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការទាំង ៧សន្ថានរបស់សម្តេចបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនេះអង្គពិធីក៏បានបួងសួងដល់ដល់ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា និងវត្ថុសក្តិសិទ្ធក្នុងលោកមានព្រះគុណកែវទាំងបីព្រះពុទ្ធព្រះធម៌ព្រះសង្ឃសូមជួយទ្រទ្រង់ និងប្រោះព្រំប្រសិទ្ធពរជ័យសិរីសួស្តីសុភមង្គល និងវិបុលសុខគ្រប់ប្រការជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី សូមសម្តេចមានសុខភាពល្អបរិបូរណ៌អាយុយឺនយូរជាងរយវស្សាដើម្បីបន្តស្ថិតនៅជាម្លប់ដ៌ត្រជាក់ដល់កូនចៅចៅទួតនិងបន្តដឹកនាំស្ថាប័នរដ្ឋសភាកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានប្រគេនដល់វត្តជម្ពូរ សុវណ្ណ ហៅវត្តត្រពាំងព្រីងចំនួន ៥លានរៀល រួមទាំងទេយ្យទានមួយចំនួនរួមមាន អង្ករ៣០០គីឡូក្រាម ទឹកក្រូច ១៣កេស ទឹកសុទ្ធ ១៣កេស ទឹកដោះគោ ៣កេស ស្ករស ៥០គីឡូក្រាម ត្រីខ ៣កេស មី ៤កេស កាហ្វេ តែ ប៊ីចេង ៥០គីឡូក្រាម អំបិល ១០គីឡូក្រាម ទឹកស៊ីអុីវ ១០យួរ ផ្លែឈើ ៥កន្ត្រក នំ ៣៣កញ្ចប់ ព្រមទាំងបានចែកជូនលោកយាយ លោកតាចំនួន ១០០នាក់ ម្នាក់ៗក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺនរៀលផងដែរ។
ក្នុងឱកាសនេះសម្តេចក៏បានប្រកាសប្រគេននូវបច្ច័យចំនួន ៨,៥០០ដុល្លារ សម្រាប់កសាងសាលាតម្កល់សពនៅឈាបនដ្ឋានវត្តជម្ពូរសុវណ្ណ ហៅវត្តត្រពាំងព្រីងផងដែរ៕