(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងកំឡុងពិធីកាន់បិណ្ឌ ថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២២នេះ បានរៀបចំពិធីសូត្រមន្ត រាប់បាត្រ ជូនជនរងគ្រោះដោយសារគ្រឿងញៀន ដែលកំពុងរស់នៅទទួលការថែទាំព្យាបាលនៅក្នុងមជ្ឈមណ្ឌលជាតិ ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្រាំងធ្នង់ រាជធានីភ្នំពេញ។

រដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺប្រជាពលរដ្ឋកម្ពុជា តែងតែចូលរួមនាំយកចង្ហាន់ប្រគេនព្រះសង្ឃ នៅតាមវត្តអារាម។ យ៉ាងណាម៉ិញ សម្រាប់ជនរងគ្រោះ ដោយសារគ្រឿងញៀន ដែលកំពុងទទួលការព្យាបាល គឺពុំអាចចាកចេញទៅ វត្តអារាម ដូចមនុស្សទូទៅនោះទេ។

ជាការគិតគូ ដើម្បីអោយជនរងគ្រោះ ដោយសារគ្រឿងញៀនអាចរួមក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះបាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីសូត្រមន្ត រាប់បាត្រ ដោយនិមន្តព្រះសង្ឃ រៀបចំនៅក្នុងទីតាំង មជ្ឈមណ្ឌលជាតិ ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្រាំងធ្នង់ ដោយផ្ទាល់ ខណ:ជនរងគ្រោះនៅក្នុងមណ្ឌលនេះមានចំនួនជាច្រើនរយនាក់។

សម្រាប់ការរៀបចំកម្មវិធីនៅព្រឹកនេះ លោក សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងថាការរៀបចំពិធីសាសនានេះ គឺ ដើម្បីអោយជនរងគ្រោះទាំងអស់មានឪកាសចូលរួមពិធីសាសនា ធ្វើបុណ្យដូចប្រជាពលរដ្ឋទូទៅ។ ជារៀងរាល់ឆ្នាំ ទាំងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ឯកឧត្តម តែងណែនាំអោយមណ្ឌលទាំងរដ្ឋនិងឯកជនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឯកឧត្តម ត្រូវយកចិត្តទុកដាក់រៀបចំពិធីទាំងនេះជូនជនរងគ្រោះ។

លោកបន្តថា ជនរងគ្រោះដោយសារគ្រឿងញៀន គឺជាជនរងគ្រោះដែលត្រូវទទួលបានការយកចិត្តទុកដាក់ដូចគ្នាទៅនឹងប្រជាពលរដ្ឋទូទៅ។ ការរៀបចំនេះ ក៏ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ ញាតិសន្តានរបស់ជនរងគ្រោះដោយសារគ្រឿងញៀនទាំងអស់ផងដែរ។

លោក ក៏បានណែនាំទៅជនរងគ្រោះដោយសារគ្រឿងញៀនទាំងអស់ ត្រូវព្យាយាមថែសុខភាព ទទួលការព្យាបាលដើម្បីផ្ដាច់ការញៀន ដើម្បីឈានទៅការត្រឡប់ទៅរស់នៅក្នុងសហគមន៍ជាមួយក្រុមគ្រួសារ និងកសាងជីវិតថ្មីវិញ៕