(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា កាន់តែត្រូវបានពង្រឹងបន្ថែមទៀត ទោះបីជាមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ចំនួន១០លើក និងបង្កើតច្បាប់ធម្មនុញ្ញបន្ថែមមួយលើកក៏ដោយ។

ក្នុងឱកាសក្រុមប្រឹក្សាធម្មនុញ្ញ ប្រារព្ធអង្គប្រជុំអបអរសាទរទិវារំលឹកខួប ២៩ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក អ៉ឹម ឈុនលឹម បានថ្លែងថា រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា កើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ ដែលបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃប្រព័ន្ធគតិយុត្ត សម្រាប់កសាងកម្ពុជា ឲ្យមានសន្តិភាព ស្ថិរភាព និងវឌ្ឍនភាព ប្រកបដោយចីរភាព។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានលក្ខណៈពហុសណ្ឋានបង្កនូវកម្លាំងជំរុញរួមគ្នា (Synergy) នៃគុណតម្លៃទំនើប (ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ) និងគុណតម្លៃខ្មែរ (ជាតិ សាសនា ព្រះមហាក្សត្រ) ដែលធ្វើឲ្យរដ្ឋធម្មនុញ្ញនេះ ក្លាយជាកម្លាំងចលករដ៏មានថាមពល ក្នុងការជំរុញការវិវឌ្ឍដំណើរជាតិកម្ពុជា ប្រកបដោយភាពសុខដុមរមនា។

លោកបន្តថា អាស្រ័យដោយរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានគុណតម្លៃ ទាំងសមត្ថភាព និងគុណភាព អាចដោះស្រាយបញ្ហានានារបស់សង្គមជាតិ ប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់រៀងមក តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ ទើបធ្វើឲ្យរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានអត្ថិភាព និងអាយុវែងជាងគេ (២៩ឆ្នាំ) បើប្រៀបធៀបទៅនឹងរដ្ឋធម្មនុញ្ញទាំងប្រាំរបស់ប្រទេសកម្ពុជាក្នុងសម័យកាលមុន (គឺ៖ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧, ឆ្នាំ១៩៧២, ឆ្នាំ១៩៧៦, ឆ្នាំ១៩៨១, និងឆ្នាំ១៩៨៩)។

លោក អ៉ឹម ឈុនលឹម បានរំលេចថា «ជាប្រការគួរឲ្យកត់សម្គាល់ទោះបីមានកាលៈទេសៈដ៏ចាំបាច់ខ្លះ ដែលនាំទៅដល់ការធ្វើការសើរើ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើក និងការបង្កើតច្បាប់ធម្មនុញ្ញបន្ថែមមួយលើក តែលទ្ធផលដែលទទួលបាន គឺការណ៍នេះរឹងរឹតតែជួយពង្រឹងប្រជាធិបតេយ្យ និងនីតិរដ្ឋ, ពង្រឹងសណ្ដាប់ធ្នាប់ធម្មនុញ្ញ, ធានាបាននូវការបោះជំហានទៅមុខនៃដំណើរជាតិ ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បានយូរអង្វែងតទៅនៅកម្ពុជា»

សូមជម្រាបថា រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ត្រូវបានសេរើ និងធ្វើវិសោធនកម្មចំនួន ១០លើកនោះ រួមមាន៖

* លើកទី១៖ ការផ្តល់សិទ្ធិដល់ប្រមុខរដ្ឋស្តីទីចុះហត្ថលេខាលើព្រះរាជក្រម ឬព្រះរាជក្រឹត្យ (ឆ្នាំ១៩៩៤)
* លើកទី២៖ ការបង្កើតឱ្យមានស្ថាប័នព្រឹទ្ធសភា (ឆ្នាំ១៩៩៩)
* លើកទី៣៖ បង្កើត និងប្រទានគ្រឿងឥស្សរិយយសជាតិ (ឆ្នាំ២០០១)
* លើកទី៤៖ សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ (ឆ្នាំ២០០៤)
* លើកទី៥៖ ការកែប្រែកូរ៉ុមនៃការប្រជុំរដ្ឋសភា (ឆ្នាំ២០០៥)
* លើកទី៧៖ ការកែប្រែរចនាសម្ព័ន្ធរដ្ឋបាលទឹកដីមកជា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ (ឆ្នាំ២០០៨)
* លើកទី៨៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អង្គការរៀបចំការបោះឆ្នោត ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ (ឆ្នាំ២០១៤)
* លើកទី៩៖ ការធានានូវដំណើរកាជាប្រក្រតីនៃស្ថាប័នជាតិ (ឆ្នាំ២០២១)
* វិសោធនកម្មលើកទី១០៖ ការធានានូវដំណើរកាជាប្រក្រតីនៃស្ថាប័នជាតិ (ឆ្នាំ២០២២)៕