(កណ្ដាល)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះ បានសហការជាមួយនឹងកម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល រៀបចំធ្វើកម្មវិធីបញ្ជ្រាប ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាព ដល់បងប្អូនជាអ្នកដំណើរតាមដងផ្លូវ ដែលកម្មវិធីធ្វើឡើងនៅទល់មុខវិទ្យាល័យ ហ៊ុន សែន តាខ្មៅ នាមុនឱកាសបុណ្យភ្ជុំបិណ្ឌធំចូលមកដល់ ដើម្បីឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ អំពីការគោរពច្បាប់ចរាចរ ប្រកាន់ខ្ជាប់នូវការពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរតាមដងផ្លូវនានាទោះទីជិត ឬឆ្ងាយ។

លោក តាំង សុខឃី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានថ្លែងប្រាប់ Fresh News ឲ្យដឹងនៅថ្ងៃនេះថា កម្មវិធីនេះ គឺសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង អំពីការការពារសុវត្ថិភាពចរាចរផ្លូវគោក ដោយយើងបានធ្វើឡើងនៅមុខវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដើម្បីជាការផ្ដល់នូវការយល់ដឹង អំពីការការពារសុវត្ថិភាពពេលធ្វើដំណើរតាមដងផ្លូវ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាប ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌធំ ដែលនឹងខិតជិតចូលមកដល់ នៅពេលឆាប់ៗខាងមុខនេះ។

លោក តាំង សុខឃី បានបន្តទៀតថា ជាមួយគ្នានេះ ក្នុងនាមរូបលោកជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងភរិយា បានពាំនាំនូវមួកសុវត្ថិភាពចំនួន ៥០មួក ស្មើនឹងទឹកប្រាក់ ៥០០ដុល្លារ ដើម្បីចែកជូនដល់អ្នកដំណើរនានា និងឧបត្ថម្ភថវិកាចំនួន ៨០ម៉ឺនរៀល ចាត់ចែងប្រើប្រាស់សម្រាប់កម្មវិធីនេះទាំងមូលទៀតផង។

សូមបញ្ជាក់ថា ជារឿយៗសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តែងតែរៀបចំកម្មវិធីមនុស្សធម៌នានា នៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន ដូចជាការផ្ដល់ជូននូវអំណោយដល់មណ្ឌលកុមារកំព្រា, ការផ្ដល់ជូននូវថវិកា និងគ្រឿងឧបភោគ-បរិភោគ ដល់សមាគមសំនៀងជនពិការ, ការចុះផ្សព្វផ្សាយច្បាប់ចរាចរ, ចែកអំណោយជូនដល់ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ និងការងារមនុស្សធម៌ជាច្រើនទៀត ជាហូរហែកន្លងមក៕