(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាង លោកបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានផ្តល់កិត្តិយស ដ៏ឧត្តុង្គឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីបើកការបោះជំរំអន្តរជាតិ ឆ្នាំ២០២២ (World Camp 2022) នៅកម្ពុជា លើប្រធានបទ «ការអប់រំចិត្ត យុវជនឱ្យមានភាពជាអ្នកដឹកនាំ ប្រកបដោយសីលធម៌ និងគុណធម៌» ដោយមានសិស្ស-និស្សិតចូលរួមជាង ២,៧០០នាក់ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលមហោស្រព កោះពេជ្រ ។

ការបោះជំរំអន្តរជាតិនេះ បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ និងមានការអញ្ជើញ ចូលរួមពីវាគ្មិន កិត្តិយសល្បីៗ រួមមាន៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ, លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការ ប្រឹក្សាយោបល់ នៃអង្គការសម័្ពន្ធយុវជន អន្តរជាតិ និងវាគ្មិនល្បីៗជាច្រើននាក់ទៀត ។

លោក ហា ឈើល ប្រធានអង្គការ IYF នៅកម្ពុជា បានលើកឡើងថា ការបោះជំរំនេះ រៀបចំឡើងក្នុងគោលបំណងអប់រំចិត្តយុវជនឱ្យប្រព្រឹត្តតែអំពើល្អ និងក្លាយខ្លួនជា អ្នកដឹកនាំនាពេលអនាគត ប្រកបដោយសីលធម៌ និងគុណធម៌ ក្នុងនោះ៖ ទី១៖ឱ្យយល់ដឹងអំពីការអប់រំចិត្តខ្លួនឯង ចេះស្រឡាញ់ជាតិ មាតុភូមិ គ្រួសារ និងខ្លួនឯង។ ទន្ទឹមនោះត្រូវចេះគោរពច្បាប់រដ្ឋ ច្បាប់ធម្មជាតិ សាសនា។ល។, ទី២៖ត្រូវចេះរស់នៅជាក្រុម ធ្វើការងារជាក្រុម (Teamwork) និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក (Share Experiences), ទី៣៖អញ្ជើញវាគ្មិនសំខាន់ៗមកចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗជូនដល់ក្មួយៗ និងទី៤៖ចេះហាត់ពត់ខ្លួនឯង ដើម្បីក្លាយ ខ្លួនជាអ្នកដឹកនាំដ៏ល្អ ប្រកបដោយសីលធម៌ និងគុណធម៌ នាពេលអនាគត។

ក្នុងពិធីបើក ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានថ្លែងថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមកោត សរសើរ និងថ្លែងអំណរគុណចំពោះលោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការ IYF មកពីប្រទេសកូរ៉េ និង លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌល រាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការ ប្រឹក្សាយោបល់នៃអង្គការ IYF ដែលបានសហការរៀបចំកម្មវិធី ដ៏មានសារៈសំខាន់នេះឡើង ។

លោកបណ្ឌិត បានបញ្ជាក់ថា ការពង្រឹងគុណភាពអប់រំ គឺជាគ្រឹះដ៏រឹងមាំសម្រាប់ឱ្យយុវជន របស់យើងមានចំណេះដឹងពិតប្រាកដ មានសីលធម៌ល្អ មានគុណធម៌ និងគតិបណ្ឌិត ។ យុវជនគឺជាក្រដាសដ៏សស្អាត ប្រសិនបើអូសទាញគេទៅរកផ្លូវល្អ ពួកគេនឹងក្លាយទៅជាជន ដែលមានភាពប្រសព្វ មានភាពទៅឆ្លាត ហើយអាចបណ្ដុះចិត្តគំនិត តាមរយៈការផ្ដល់នូវចំណេះដឹង ដល់ពួកគេគ្រប់ៗគ្នា ៕