(ភ្នំពេញ)៖ សមាជិកមូលនិធិស៊ីក្លូ ក្នុងរាជធានីភ្នំពេញចំនួន ៣០០នាក់ ទទួលបានថវិកា និងសម្ភាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ថវិកា និងសម្ភារទាំងនេះ ត្រូវបានលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា ប្រគល់ជូនពួកគាត់នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន តែងក្រើនរំលឹកឱ្យលោក ឃួង ស្រេង យកចិត្តទុកដាក់ និងមើលថែ ពីសុខទុក្ខបងប្អូនសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្តែងនៅពេលនេះពួកគាត់ទាំង៣០០នាក់ បានទទួលថវិកា និងសម្ភារៈរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបន្ថែមពីលើការឧបត្ថមប្រចាំខែជូនពួកគាត់ ដែលអំណោយទាំងនេះ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល (តាមកុងវីង) មី២កេស ទឹកបរិសុទ្ធ ២កេស និងទឹកត្រី១យួរ។

សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺឱ្យតែមានពិធីបុណ្យជាតិធំៗ ម្តងៗ សម្តេចតែងផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង ៣០០នាក់ ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែ ចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែ ពួកគាត់អាចបើកបាន៣ដង ក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនប៍ណ្ណ ប. ស.ស ដើម្បីឱ្យបងប្អូនទៅព្យាបាលជំងឺ ដោយមិនអស់ប្រាក់ ហើយក្នុងបរិបទជំងឺកូវីដ១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេនូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែលជូនពួកគាត់ថែមទៀត។

គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ គឺមានរយៈពេល៤ឆ្នាំហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំង៕