(ភ្នំពេញ)៖ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមចូលរួមសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ឯកឧត្តម ជៀប ស៉ីវន តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា។

ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូន លោកជំទាវ ឡាញ់ ដារ៉ា និងក្រុមគ្រួសារ ឯកឧត្តម អ៉ិត សំហេង បានគូសរំលេចថា ឯកឧត្តមមានក្តីរំជួលចិត្តឥតឧបមាក្រោយបានទទួលដំណឹងដ៏ក្រៀមក្រំចំពោះការទទួលមរណភាពរបស់ ឯកឧត្តម ជៀប ស៊ីវន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា កាលពីវេលាម៉ោង ២១៖២០នាទីយប់ ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម អ៉ិត សំហេងសូមសម្តែងនូវការសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុតជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ ឯកឧត្តម ជៀប ស៊ីវន ដែលជាស្វាមី ឪពុក ឪពុកក្មេក ជីតា ពោរពេញដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ចំពោះភរិយា កូនៗ ចៅៗជាទីស្រឡាញ់។

មរណភាពរបស់ឯកឧត្តម ជៀប ស៊ីវន ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនមួយរូប ដែលបានបំពេញការងារយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ មិនចេះនឿយហត់ប្រកបដោយឆន្ទៈមនសិការបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ នាពេលកន្លងមក និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ជៀប ស៊ីវន សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕