(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោក ទិន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល និងចែកអំណោយរបស់ធនាគារ អភិវឌ្ឍន៍ ឥស្លាម (lsDB) តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) ជូនប្រជាពលរដ្ឋ ចំនួន៤៥០គ្រួសារ (កន្លែងទី១) ស្ថិតនៅភូមិកំពង់ពិស ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយពិធីនេះក៏មានការចូលរួមពីលោកអភិបាលស្រុកសង្កែ និងអជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន ក៏បាននាំនូវសេចក្តីនឹករលឹក ពីសំណាក់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ។ លោកបានលើកឡើងថា ដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទេីបធ្វើឲ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ និងវិស័យផ្សេងៗជាច្រើនទៀត។

លោក រ៉ូហ្វី អូស្មាន បានបន្តទៀតថា យើងពិតជាមានសំណាងខ្លាំងណាស់ ដែលមានថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត និងមានប្រាជ្ញាវាងវៃដែលជួយឲ្យប្រទេសកម្ពុជាឆ្លងផុតពីដំណាក់កាលដ៏សែនលំបាកពីសម័យសង្រ្គាមទើបធ្វើឲ្យប្រជាពលរដ្ឋ ទទួលបានសុខសន្តិភាពរហូតដល់សព្វថ្ងៃ។ ក៏ដូចគ្នាដែរ ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានធ្វើឲ្យប្រទេសកម្ពុជារួចផុតពីជំងឺកូវីដ-១៩ ដែលរីករាលដាលជាសាកលលោក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងធ្វើឲ្ហប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន និងលេខ២ ទូទាំងពិភពលោក ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។

លោក រ៉ូហ្វី អូស្មាន បានបន្ថែមថា នាពេលកន្លងទៅលោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) ដែលជាអគ្គលេខាធិការអង្គការ RABITA បានមកទស្សនកិច្ចនៅកម្ពុជា និងបានកោតសរសើរដល់ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព សុខដុមនីយកម្ម ដោយគ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លោកថាប្រទេសកម្ពុជា ជាប្រទេសដែលគួរយកជាគំរូសម្រាប់ពិភពលោកផងដែរ។

លោក រ៉ូហ្វី អូស្មាន បានរំលឹកថា សម្តេចតេជោ លោកបានផ្តល់ឱកាសដល់សាសនិកអុីស្លាមទូទាំងប្រទេស នូវគ្រូក្របខណ្ឌខ្មែរឥស្លាម ចំនួន១,៥០០នាក់ និងរៀបចំឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាមចូលរួមបម្រើការងារ ជាមួយរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីបម្រើការងារ និងដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ។

ក្នុងនាមខ្មែរឥស្លាម ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស សូមដឹងគុណដ៏សែនថ្លៃថ្លានេះ ហើយនឹងគាំទ្រ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យដឹកនាំប្រទេសកម្ពុជាជារៀងរហូត ដើម្បីទទួលបានសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត។

នារសៀលថ្ងៃដដែលនេះ លោក រ៉ូហ្វី អូស្មាន បានដឹកនាំគណប្រតិភូបន្តដំណេីរចុះជួប និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន៣០០គ្រួសារផ្សេងទៀត ស្ថិតនៅភូមិអូអំបិល សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយក្នុងពិធីនេះមាន ការចូលរួមពីសំណាក់លោក ហុឹល រៃយ៉ា អភិបាលរង តំណាងអភិបាលខេត្តបន្ទាយមានជ័យ, អនុរដ្ឋលេខាធិការ, លោក ស្រង សុផល អភិបាលក្រុងសិរីសោភ័ណ, អ៉ីមាំខេត្ត យុវជន CMYA ខេត្ត អាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀតផងដែរ។

សូមជម្រាបថា អំណោយដែលចែកជូនប្រជាពលរដ្ឋទាំងនៅខេត្តបាត់ដំបង ចំនួន៤៥០គ្រួសារ និងខេត្តបន្ទាយមានជ័យ ៣០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម, ប្រេងឆា២លីត្រ, ស្ករស២គីឡូក្រាម, មីខ្លាឃ្មុំ ១០កញ្ចប់, ត្រីខ៤កំប៉ុង, អំបិល១គីឡូក្រាម, សាប៊ូដុសខ្លួន៤ដុំ និងសាប៊ូលាងចាន ១ដប៕