(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលនហ្លួងម៉ែ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំ វេទិកាយុវជនស្តីពី «ការប្រើប្រាស់ និងការការពារ បដិរូប កាកបាទក្រហម និងអឌ្ឍចន្ទក្រហម» ក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា។
វេទិកានោះ ក៏មានវាគ្មិនពីរក្រុមឡើមមកបកស្រាយពីប្រធានបទ «ការប្រើប្រាស់ និងការការពារ បដិរូប កាកបាទក្រហម និងអឌ្ឍចន្ទក្រហម» ដែលមានការសម្របសម្រួលពីនាយកដ្ឋាន៤ នៃកាកបាទក្រហមកម្ពុជាទីស្នាក់កណ្តាល ព្រមទាំងមានការចូលរួមពីនិស្សិតមកពីសាលកវិទ្យាល័យភូមិន្ទភ្នំពេញចំនួន ២៥នាក់ និងសាកលវិទ្យាល័យវេស្ទឺនចំនួន ២៥នាក់ សរុបទាំងអស់ចំនួន ៦៣នាក់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា កម្មវិធីនេះធ្វើឡើងដើម្បីអបអរ ទិវាសន្តិភាពអន្តរជាតិ ក្រោមមូលបទ «បញ្ចប់ការរើសអើងជាតិសាសន៍ និងកសាងសន្តិភាព» ហើយវេទិកាយុវជននេះបង្កើតឡើង ដើម្បីផ្សព្វផ្សាយអំពីប្រវត្តិនៃការបង្កើតបដិរូប កាកបាទ្រហម និងអឌ្ឍចន្ទក្រហម ក្នុងការការពារអ្នកជួយសង្គ្រោះពេលមានសង្គ្រាម ព្រមទាំងលើកកម្ពស់ការយល់អំពីបដិរូប និងប្រើប្រាស់ឲ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា យុវជនទាំងអស់ដែលបានចូលរួមវេទិកាយុវជននេះ ក៏បានទទួលនូវប័ណ្ណសរសើរ និងថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយវត្ថុអនុស្សាវរីយ៍មួយចំនួនទៀតផង៕