(ភ្នំពេញ)៖ បើទោះបីមិនមានកម្មវិធីជួបសំណេះសំណាល ព្រោះតែភាពមមាញឹកនឹងការងារយ៉ាងណាក្តី តែប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកជាង ១០០នាក់ បានស្កាត់ទៅជួបទទួល និងស្វាគមន៍ចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅសណ្ឋាគារក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយក្តីនឹករលឹកជាទីបំផុត។
ប្រជាពលរដ្ឋខ្មែរដែលបានអញ្ជើញទៅស្វាគមន៍ចំពោះវត្តមានរបស់សម្តេចតេជោ បានលើកឡើងថា បើទោះបីដឹងថាសម្តេចមិនមានគម្រោងជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដាក្តី ក៏ពួកគាត់ស័្មគ្រចិត្តមកស្វាគមន៍សម្តេចដោយផ្ទាល់ ដើម្បីសំដែងក្តីគោរពស្រឡាញ់ និងការដឹងគុណបំផុត ជូនចំពោះសម្តេច។ ជាពិសេសចង់ជួប និងឃើញដោយផ្ទាល់ថា តើរូបសម្តេចពិតជាមានវត្តមានអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពិតប្រាកដ ឬយ៉ាងណា?
សម្តេចតេជោ បានអរគុណចំពោះវត្តមានប្រជាពលរដ្ឋដែលជាជនរួមជាតិខ្មែរទាំងអស់ ចំពោះការចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកជួបសម្តេចដោយផ្ទាល់។ នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ សម្តេចមានប្រសាសន៍ចោទសួរថា តើនេះ គឺជារូបសម្តេចផ្ទាល់ ឬយ៉ាងណា?
សម្តេចតេជោ បានគូសបញ្ជាក់ថា មុនពេលមកដល់ទីក្រុងញូវយ៉ក មានជនអគិតមួយចំនួនបាននិយាយថា សម្តេចឈឺដាច់សរសៃឈាម មិនបានទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនោះទេ។ សម្តេចបន្តសួរថា តើនេះជាសម្តេចពិត ឬយ៉ាងណា?
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណជាពន្លឹកជាថ្មីម្តងទៀត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបសម្តេចនាពេលនេះ និងបានជូនពរដល់ការធ្វើដំណើរត្រឡប់ទៅលំនៅដ្ឋានវិញ ប្រកបដោយសុខសុវត្តិភាព។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញដល់ក្រុងញូវយ៉ក នៅវេលាម៉ោង៦៖០៣នាទីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅទីក្រុងញូវយ៉ក) ត្រូវនឹងម៉ោង ៥៖០៣នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅភ្នំពេញ) បន្ទាប់ពីចំណាយពេលហោះពីកម្ពុជារយៈពេលប្រមាណ ២២ម៉ោង។
ដំណើរអញ្ជើញទៅក្រុងញូវយ៉កនាពេលនេះ ដើម្បីអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ (ម.ស.អ.ស.ប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២២។
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់ ម.ស.អ.ស.ប។ បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើការ គោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសុខភាពជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី គោលនយោបាយឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។
ក្នុងកំលុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបបន្តបន្ទាប់គ្នាជាមួយ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក ឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប, លោកស្រី សេក្ខ ហាស៉ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស, លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ។
បន្ទាប់បញ្ចប់បេសកកម្មនៅសហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នឹងបន្តហោះទៅកាន់នៅរដ្ឋធានីហាវាណា ប្រទេសគុយបា ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា។
ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសគុយបា សម្តេចតេជោ ហ៊ុន សែន នឹងបន្តដំណើរអញ្ជើញចូលរួមពិធីបុណ្យសពលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា៕