(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដល់រដ្ឋអាឡាស់ស្កា សហរដ្ឋអាមេរិកហើយនៅវេលាម៉ោងប្រមាណ ៦៖៤០នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា (ម៉ោងនៅអាឡាស់ស្កា) ត្រូវនឹងម៉ោងប្រមាណ ៩៖៤០នាទីយប់(ម៉ោងនៅកម្ពុជា)។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសំឡេងផ្ញើជូនជនរួមជាតិថា បានចំណាយពេលប្រមាណ ៥ម៉ោងក្នុងការហោះហើរពីរាជធានីភ្នំពេញ ទៅដល់អូសាកា ប្រទេសជប៉ុន។ ក្រោយឈប់ចាក់សាំងនៅអូសាកា សម្តេច និងគណៈប្រតិភូចំណាយពេលប្រមាណជា ៦ម៉ោង ៥៤នាទីទៀត ហោះពីអូសាកា ទៅរដ្ឋអាឡាស់ស្កា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យន្តហោះបានចុះចាក់សាំងនៅអាឡាស់ស្កា បន្ទាប់មកនឹងត្រូវហោះទៅក្រុងញូវយ៉ក ដោយប្រើពេលប្រមាណ ៦ម៉ោង ២៤នាទីទៀត។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការហោះធ្វើឡើងក្នុងល្បឿនប្រមាណ ១ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាការធ្វើដំណើរស្រួល ធៀបនឹងដំណើរពេលមុនៗ ធ្វើឱ្យសម្តេច និងគណៈប្រតិភូសម្រាកបានស្រួលផងដែរ។ សម្តេចតេជោ បានថ្លែងអំណរព្រះគុណ និងអរគុណសម្រាប់ការផ្តល់នូវសព្វសាធិការពរទាំងឡាយជូនដល់សម្តេច និងគណៈប្រតិភូក្នុងការហោះទៅកាន់សហរដ្ឋអាមេរិកនាពេលនេះ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរដែលរង់ចាំសម្តេចនៅញូវយ៉ក។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូហោះចេញពីកម្ពុជានៅវេលាម៉ោងប្រមាណ ៨ព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ។ ដំណើរអញ្ជើញទៅក្រុងញូវយ៉កនាពេលនេះ ដើម្បីអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ (ម.ស.អ.ស.ប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២២។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់ ម.ស.អ.ស.ប។ បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើការ គោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសុខភាពជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី គោលនយោបាយឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។

ក្នុងកំលុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបបន្តបន្ទាប់គ្នាជាមួយ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក ឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប, លោកស្រី សេក្ខ ហាស៉ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស, លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ។

បន្ទាប់បញ្ចប់បេសកកម្មនៅសហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នឹងបន្តហោះទៅកាន់នៅរដ្ឋធានីហាវាណា ប្រទេសគុយបា ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា។

ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសគុយបា សម្តេចតេជោ ហ៊ុន សែន នឹងបន្តដំណើរអញ្ជើញចូលរួមពិធីបុណ្យសពលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា៕