(កោះកុង)៖ ជនបរទេសជាង៨០នាក់ ត្រូវបានកម្លាំងនគរបាល ក្រោមការសម្របសម្រួលពីតំណាងអយ្យការ ត្រូវបានឃាត់ខ្លួនពេលចុះបង្ក្រាបករណីសង្ស័យថា លួចប្រព្រឹត្តិបទល្មើសល្បែងស៊ីសងតាមអនឡាញនៅក្នុងផ្ទះសំណាក់ «ថាន់ តាយ» ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
លោក រស់ សារាំ ព្រះរាជអាជ្ញាខេត្តកោះកុង បានគូសបញ្ជាក់ថា លោកកំពុងតែបន្តស្រាវជ្រាវរកមុខមេខ្លោងរបស់ក្រុមជនអន្តោប្រវេសន៍ទាំង៨២នាក់ (ស្រី២៨នាក់) ភាគច្រើនជាជនជាតិឥណ្ឌនេស៊ីស្នាក់នៅផ្ទះសំណាក់ ថាន់ តាយ។
ដោយឡែក លោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេរមភូមិន្ទ បានប្រាប់ថា លោកបានចាត់កម្លាំងសមត្ថកិច្ចក្រោមឱវាទ តាមដានវត្តមានអន្តោប្រវេសន៍ក្នុងមូលដ្ឋានរបស់ខ្លួន២ថ្ងៃមកហើយ ពោលគឺទើបរកឃើញទីតាំង របស់ពួកគេ និងដាក់ការសង្ស័យថាលួចលាក់ប្រព្រឹត្តិបទល្មើសល្បែងស៊ីសងតាមអនឡាញ។
បើតាមលោកអធិការ ក្រុមជនអន្តោប្រវេសន៍ទាំង៨២នាក់នោះ បានធ្វើដំណើរមកពីខេត្តព្រះសីហនុ រួចហើយមកស្នាក់នៅផ្ទះសំណាក់ «ថាន់ តាយ» ដោយម្ចាស់ផ្ទះសំណាក់មិនបានរាយការណ៍ផ្តល់ព័ត៌មាន កាន់អាជ្ញាធរសមត្ថកិច្ចនោះឡើយ។
ក្នុងចំណោម៨៦នាក់ មាន៧នាក់ជាជនជាតិវៀតណាម ដែលពុំមានលិខិតឆ្លងដែន និងឯកសារគ្រប់គ្រាន់ ហើយត្រូវបានបញ្ជូនទៅស្នងការដ្ឋានគរបាលខេត្តភ្លាមៗ ដើម្បីកសាងសំណុំរឿងបន្ត៕