(ពោធិ៍សាត់)៖ ស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបណ្តាលឱ្យជន់លិច និងរងផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋលើភូមិចំនួន៤ ប៉ុន្តែមិនធ្ងន់ធ្ងរនោះឡើយ នេះដោយសារតែ ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលមួយយប់មួយថ្ងៃ ខណៈពេលនេះ ទឹកបានស្រកទៅវិញប្រហែលជាង១តឹក ក្រោយពីស្ថានភាពអាកាសធាតុបានចាប់ផ្តើមធូរស្រាលវិញ។

នេះបើតាមលោក លីវ សេងហ៊ីម អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោកអភិបាលស្រុករូបនេះ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលភ្លៀងមួយថ្ងៃមួយយប់កន្លងទៅ ទឹកបានហូរធ្លាក់ពីផ្នែកខាងលើ នៃជួរភ្នំឱរ៉ាល់ បណ្តាលឱ្យជន់លិច ភូមិចំនួន៤ នៃឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រួមមានភូមិកាប៉ាស់ ភូមិកាប៉ាស់លើ ភូមិដង្គាបក្តាម និងភូមិបំណក់ ចាប់ពីម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ។ តែគិតមកដល់ព្រលប់ថ្ងៃខែឆ្នាំដដែលនេះ ទឹកបានស្រកទៅវិញ ប្រហែលជាង១តឹកហើយ នេះដោយសារតែស្ថានភាពអាកាសធាតុ បានចាប់ផ្តើមធូរស្រាលវិញ។

តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចជំនាញ នៅមិនទាន់បញ្ជាក់ពីស្ថានភាពទឹក និងតួលេខនៃការជន់លិច ដោយជំនន់ទឹកភ្លៀងនេះនៅឡើយ៕