(ព្រះសីហនុ)៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាអភិបាលខេត្ត នៅព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រវត្តិចលនា គោលការណ៍គ្រឹះ កាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្ក្រោះបឋមជូនដល់យុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យ ហ៊ុន សែន វាលរេញ ដែលវគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានស្វាគមន៍វគ្គបណ្តុះបណ្តាលដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២២។

យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានសមាជិកសរុបចំនួន ៧៥១នាក់ ស្រី ៣៧៥នាក់ គ្រូបង្រៀនជាទីប្រឹក្សាចំនួន ២៥នាក់ ស្រី១០នាក់ ដោយឡែកយុវជនស្ម័គ្រចិត្តចំនួន១០០នាក់ បានទទួលវគ្គបណ្តុះបណ្តាលចំនួន២វគ្គ គឺវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យហ៊ុន សែន កំពង់សីលា។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង អប់រំផ្សព្វផ្សាយឱ្យយុវជនយើងក្លាយជាជនបង្គោលប្រចាំសាលា លើកកម្ពស់ការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងការកាត់បន្ថយគ្រោះថ្នាក់ បណ្តុះគំនិតការយល់ដឹង និងភាពក្លាហាន ក្នុងនាមជាយុវជនកាកបាទក្រហម ដើម្បីចូលរួមការងារសង្គម ការផ្តល់នូវចំណេះដឹង និងការអនុវត្តផ្ទាល់ពាក់ព័ន្ធនឹងវិជ្ជាសង្គ្រោះបឋម លើកទឹកចិត្តដល់យុវជនចូលរួមផ្សព្វផ្សាយតាមគ្រប់រូបភាពឱ្យយុវជនមានសុខសុវត្ថិភាព សុខដុមរម្យុនានៅ ក្នុងសង្គមជាតិ។

លោក គួច ចំរើន ក្នុងនាមប្រធានគណៈកម្មាធិការសាខា បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកគ្រូ អ្នកគ្រូ ក្មួយៗយុវជនស្ម័គ្រចិត្តកាកបាទក្រហម វិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីប្រវត្តិចលនាគោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្ក្រោះបឋមដល់យុវជនកាកបាទក្រហមកម្ពុជា និងចូលរួមរាល់សកម្មភាពមនុស្សធម៌ និងគាំទ្រសកម្មភាពមនុស្សធម៌ ស្របតាមគោលការគ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។

លោកបន្តថា «យើងមានសមាគមជាតិកាកបាទក្រហមកម្ពុជា បង្កើតឡើងក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ ហើយសមាគមជាតិរបស់យើងមានចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិនៅតាមភូមិ ឃុំ និងនៅតាមសាលារៀន ដើម្បីជួយលើការងារមនុស្សធម៌ គោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហម ការយល់ដឹងអំពីច្បាប់ចរា ចរណ៍ និងគ្រឿងញៀនជាដើម។ គ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នមានសារសំខាន់ណាស់ ដើម្បីឱ្យក្មួយៗជាជនបង្គោលនៅតាមសាលាបន្តផ្សព្វផ្សាយទៅដល់បងប្អូន មិត្តភ័ក្ររួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន»

លោកប្រធានគណៈកម្មាធិការសាខា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសាខាកាកបាទក្រហមខេត្ត លោកគ្រូ អ្នកគ្រូបានយកចិត្តទុកដាក់ និងការសម្រេចចិត្តរបស់ក្មួយៗចូលរួមជាគុណប្រយោជន៍ គុណតម្លៃ និងទទួលបានបទពិសោធន៍ និងវិជ្ជាសង្គ្រោះបឋមនាពេលនេះមានលក្ខណៈសម្បត្តិប្រកបដោយគុណធម៌ ចរិយាធម៌រស់នៅប្រកបដោយសុខដុមរម្យនា អ្វីដែលយើងទទួលបាន គឺបទពិសោធន៍ និងការយល់ដឹងបញ្ហាផ្សេងៗនៅពេលអនាគត និងស្នើក្មួយៗត្រូវខិតខំស្តាប់តាមការណែនាំរបស់គ្រូឧទ្ទេស ក្នុងការពង្រីកចំណេះដឹងទទួលផលផ្លែផ្កា៕