(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាឆាន់ និងសមិទ្ធិផលនានា ដែលមានតម្លៃសរុបជាង២៤ម៉ឺនដុល្លារអាមេរិក ក្នុងវត្តកោះរំដួល ស្ថិតនៅក្នុងភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានថ្លែងថា សាលាឆាន់ដ៏ថ្មីស្រឡាងនៅចំពោះមុខយើងនេះ គឺជាសមិទ្ធិផលបានមកពីកម្លាំងមហាសាមគ្គី រួបរួមគ្នាកសាងអស់រយៈកាលជាច្រើនឆ្នាំមកហើយ ដូចនេះត្រូវចូលរួមថែរក្សា ឲ្យបានគង់វង្សយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយៗប្រើប្រាស់ជាសម្បត្តិរួម។
លោកបានថ្លែងទៀតថា សមិទ្ធិផលដែលលេចធ្លោនាពេលនេះ គឺដោយសារប្រទេសជាតិយើង ទទួលបានសុខសន្តិភាព ស្ថេរភាព ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកបានឲ្យដឹងថាប្រទេសជាតិត្រូវបានស្តារ និងអភិវឌ្ឍន៍ឡើងវិញ ចាប់ពីលេខសូន្យ រហូតមានការរីកចម្រើនមកទល់សព្វថ្ងៃ ទាំងពុទ្ធចក្រ និងអាណាចក្រ។ គោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ជាអាទិភាពមាន៤សំខាន់ គឺ ផ្លូវ ទឹក ភ្លើង និង ធនធានមនុស្ស ជាកត្តាសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកបានលើកទៀតថា សេរីភាពខាងជំនឿសាសនា ពិតជាត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ លើកកម្ពស់ និងផ្តល់សិទ្ធិជូនប្រជាពលរដ្ឋទាំងអស់ ជ្រើសរើសសម្តៅរួមគ្នាកសាង សន្តិភាព ផ្លូវចិត្ត ពីព្រោះសាសនា ជាចលករដ៏សំខាន់ ក្នុងការជម្រុញឲ្យមានការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោក ម៉ៅ ធនិន បានសម្តែងនូវអំណរគុណចំពោះ លោក អេង គន្ធា អគ្គនាយករងអគ្គីសនីកម្ពុជា និងលោកស្រី ព្រមទាំងពុទ្ធបរិស័ទ សប្បុរសជនទាំងក្នុង និង ក្រៅប្រទេស ដែលមានសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ រួមគ្នាកសាងសាលាឆាន់ និង សមិទ្ធិផលនានា វត្តកោះរំដួលនេះឡើង ទុកជាសម្បត្តិនៃព្រះពុទ្ធសានា។
លោក ម៉ៅ ធនិន បានសំណូមពរ និងផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសពុទ្ធបរិស័ទចំណុះជើងវត្តកោះរំដួល ជួយថែរក្សាការពារ និង ជួយផ្គត់ផ្គង់ដល់ព្រះសង្ឃ ព្រមទាំងចូលរួមកិច្ចសហការបង្ការទប់ស្កាត់ចោរកម្ម គ្រឿងញៀន ក្មេងទំនើង និងរួមគ្នាគោរពច្បាប់ចរាចរណ៍៕