(បន្ទាយមានជ័យ)៖ នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ អមដំណើរដោយមេបញ្ជាការទិសទី១បន្ទាយមានជ័យ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងបានជួយអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងទៅកាន់ទីទួលមានសុវត្ថិភាព។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយសារស្ថានភាពទឹកភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ និងទឹកមួយចំនួនហូរធ្លាក់មកពីផ្នែកលើរួមមាន៖ តំបន់ប៉ោយប៉ែត ស្រុកម៉ាឡៃ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ផ្ទះប្រជាពលរដ្ឋមួយចំនួនត្រូវបានជន់លិច ដូច្នេះប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពផងដែរ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍ទិសទី១បន្ទាយមានជ័យ បានត្រៀមកម្លាំងសម្ភារមធ្យោបាយ ២៤/២៤ម៉ោង សម្រាប់ជួយសង្រ្គោះពុកម៉ែបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់វេលា។

លោកឧត្តមសេនីយ៍ទោ សេង ធារិន សូមឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់កំពុងរងគ្រោះ សូមថែរក្សាសុខភាព អនាម័យឱ្យបានជាប់ជាប្រចាំ និងសូមប្រុងប្រយ័ត្នខ្ពស់ សត្វអាសិរពិស ពិសេសក្មេងតូចៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តី ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ ក្រសួងធនធានទឹកបានបញ្ជាក់ថា សម្ពាធខ្ពស់នៅលើប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានកម្ពុជា ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តមានការប្រុងប្រយត្ន័ ចំពោះជំនន់ដែលអាចកើតមក ពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត (Overflow) និងជំនន់ទឹកភ្លៀង (Flash Flood) ដែលនឹងបន្តធ្លាក់បន្ថែមថ្មីផ្ទួនៗទៀត ជាពិសេសនៅក្នុងភូមិសាស្ត្រនៃតំបន់ជាប់ជួរភ្នំ, ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្តជាប់ព្រំដែនថៃ៕