(ភ្នំពេញ)៖ ក្រោយពីមានព័ត៌មានជាច្រើន លើបណ្តាញទំនាក់ទំនងសង្គម Facebook ដែលលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ មិនបានអើពើរឿងដាក់ ល្ខោនខោល របស់ខ្មែរ ចូលទៅបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ទៅអង្គការយូណេស្កូ ហើយបណ្តែតបណ្តោយឲ្យប្រទេសថៃ យកល្ខោនខោលនេះ ទៅដាក់ឲ្យដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្លើយតបវិញ ដោយអះអាងថា ក្រសួងបាន និងកំពុងរៀបចំឯកសារ ដើម្បីដាក់ល្ខោនខោល ជាមួយរបាំ និងក្បាច់គុនខ្មែរ មួយចំនួនទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែល Fresh News ទទួលបានសង្កត់ធ្ងន់ថា រាល់ការចុះបញ្ជីបេតិកភណ្ឌពិភពលោក ឬបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ត្រូវអនុវត្តន៍តាមគោលការណ៍ច្បាប់ និងនិតិវិធីចាំបាច់ ដែលអង្គការយូណេស្កូ តម្រូវឲ្យសម្រាប់គ្រប់ជនជាតិ និងគ្រប់ប្រទេសលើពិភពលោក ពុំមែនធ្វើតាមតែការប្រកាស ការនឹកឃើញ ឬតាមអារម្មណ៍ រំភើបរបស់អ្នកណាមួយ ឬប្រទេសណាមួយនោះឡើយ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា «ក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំធ្វើ និងកំពុងធ្វើអស់ពីលទ្ធភាព និងតាមគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន ក្នុងបំណងដើម្បីការងារ ផលប្រយោជន៍រួមរបស់ជាតិយើង»។
ក្រសួងវប្បធម៌បានឲ្យដឹងទៀតថា កម្ពុជាបានផ្តល់សច្ចាប័ន ចូលជារដ្ឋភាគីនៃអនុសញ្ញា ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី ដែលអនុញ្ញាតឲ្យកម្ពុជាបានចុះ របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិឆ្នាំ២០០៣។
ក្រសួងបានឲ្យដឹងទៀតថា ក្រសួងបានរៀបចំបញ្ជីឈ្មោះ ទម្រង់បេតិកភណ្ឌវប្បធម៌អរូបី ជាអទិភាពមួយចំនួនទៀត មានជាអាទិ៍ ល្ខោនស្បែកធំ ល្ខោនខោល ចាប៉ីដងវែង និងតម្បាញសូត្រ ។ល។ ត្រៀមដាក់ស្នើទីអង្គការយូណេស្កូ ។ ជាលទ្ធផលល្ខោនស្បែកធំ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ និងល្បែងទាញព្រ័ត្រ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥។ កាលពីខែមីនា ឆ្នាំ២០១៥ ក្រសួងក៏បានបញ្ចូនឯកសារចាប៉ីដងវែង ដែលបានរៀបចំសព្វគ្រប់ ទៅអង្គការយូណេស្កូ ហើយកំពុងធ្វើការសិក្សា ចងក្រងឯកសារដែលជាអាទិភាព បន្តទៀតដូចជាក្បាច់គុនល្បុក្កតោ ភ្លេងអារក្ស និងល្ខោនខោល ដើម្បីចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៅឆ្នាំខាងមុខ។
ពាក់ព័ន្ធនឹងល្ខោនខោលនេះដែរ នៅថ្ងៃទី៥ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook របស់សម្តេចក៏បានឆ្លើយតប នូវការព្រួយបារម្ភ ពីបងប្អូនជនរួមជាតិ អំពី «ល្ខោនខោលខ្មែរ» បន្ទាប់ពីឮដំណឹងថា ប្រទេសថៃប្រុងដាក់បញ្ចូលល្ខោនខោល ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូដែរ ដោយសម្តេចលើកឡើងថា រាជរដ្ឋាភិបាលកំពុង បានខិតខំប្រឹងប្រែង យ៉ាងខ្លាំងក្នុងការការពារផលប្រយោជន៍ជាតិ ដោយបានរៀបចំឯកសារដាក់ល្ខោនខោល ទៅអង្គការយូណេស្កូនៅពេលខាងមុខនេះ។ មិនដូចអ្វីដែលលើកឡើងក្នុង Facebook ថារាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់នោះទេ៕