(ភ្នំពេញ-បន្ទាយមានជ័យ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ៥នាក់ និងរឹបអូសគ្រឿងញៀនជាង១៨គីឡូក្រាម។

ការចុះបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រតិបត្ដិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣៖២០នាទី កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី, លោកឧត្តមសេនីយ៍ទោ ឆាយ ហូត, លោកឧត្តមសេនីយ៍ត្រី គឹម តូ, លោកវរៈសេនីយ៍ទោ ទេព សុវណ្ណដារ៉ា នាយករងមន្ទីរ។

ប្រតិបត្ដិការនេះ មានការចូលរួមពីនាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកទេស, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្រលសម្រួល ដោយលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការបង្រ្កាបនៅ ៥គោលដៅផ្សេងគ្នាជាបន្តបន្ទាប់៖

គោលដៅទី១៖ នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតក្នុងសង្កាត់ ខណ្ឌកំបូល រាជធានីភ្នំពេញ។
គោលដៅទី២៖ ឆែកឆេរនៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដោលដៅទី៣៖ នៅចំណុច ភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គោលដៅទី៤៖ ឆែកឆេរនៅចំណុច បន្ទប់ជួលលេខ៣០៤ (ផ្ទះសំណាក់ប៉ោយប៉ែតស៊ីធី) ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គោលដៅទី៥៖ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លទ្ធផលសរុប៖ ឃាត់បានជនសង្ស័យ៥នាក់ ឈ្មោះ សុខ នាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ យិន ពៅ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ យិន ផង់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ង៉ែត ភារម្យ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ អ៊ឹង តុលា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាងចាប់យករួមមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ១៦គីឡូក្រាម ៦៩៤.៩ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ១គីឡូ៥១៣.៤៣ក្រាម, កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ២០ក្រាម។
នីមេតាហ្សេប៉ាមទម្ងន់សុទ្ធ ៦៥.៧ក្រាម, សរុបសារធាតុញៀន ១៨គីឡូ២៩៤,០៣ក្រាម និងអាវុធខ្លី១ដើម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕