(ពោធិ៍សាត់)៖ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជានាយកគម្រោង និងលោក លឹម សុខតូ អភិបាលរងខេត្ត តំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាព ការអនុវត្តគម្រោងនៅក្នុងក្រុងពោធិ៍សាត់ នៃគម្រោងកែលម្អរគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប ដែលបច្ចុប្បន្ននេះគម្រោងទាំងមូលសម្រេច បាន១០០%ហើយ, ខណៈដែររដ្ឋបាលក្រុងពោធិ៍សាត់ កំពុងដាក់ការស្នើសុំ ផ្លាកសញ្ញាចរាចរណ៍ និងអ៊ុតគំនូសសញ្ញាចរាចរណ៍បន្ថែមទៀត។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំ ជាន់ទី១សាលាខេត្ត ដោយបានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត ថ្នាកដឹកនាំមន្ទីរអង្គភាពដែលមានការពាក់ព័ន្ធ អភិបាលក្រុង ម្ចាស់គម្រោង និងមន្ត្រីជំនាញមួយចំនួនទៀត។

តាមរបាយការណ៍របស់រដ្ឋបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបក្នុងភូមិសាស្រ្តក្រុងពោធិ៍សាត់ បានចាប់ផ្តើមពីដើមឆ្នាំ២០២០ ដោយសម្រេចបាននូវវឌ្ឍនភាពគម្រោង ដូចខាងក្រោម៖

*ទី១៖ អនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង, ទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មសំណល់រាវ៖

-ដាក់លូរំដោះទឺកភ្លៀង និងទឹកស្អុយប្រវែង ២៤,៨១០ ម៉ែត្រ សម្រេចបាន១០០%
-ដាក់រឺហ្កា ទាំងលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ចំនួន២,០៧៣គ្រា ប់ សម្រេចបាន១០០%
-ការស្តារបណ្តាញលូចាស់ និងជួសជុលរឺហ្គាចាស់ ប្រវែង២៧,១៩០ម៉ែត្រ សម្រេចបាន ១០០%
-ស្តារប្រឡាយរំដោះទឹក ចេញពីអាងប្រព្រឹត្តិកម្ម ប្រវែង២,៨០០ម៉ែត្រ, ការងារសាងសង់លូ ១៧កន្លែង រួមទាំងការក្រាលកៅស៊ូDBST លើខ្នងប្រឡាយ ប្រវែង២,៣៤០ម៉ែត្រ សម្រេចបាន១០០%
-សាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវ លើផ្ទៃដី៣ហិកតា សម្រេចបាន៩៨%
-ក្រាលកៅស៊ូផ្លូវ ប្រភេទDBSTឡើងវិញ ប្រវែង២០,០៧១ម៉ែត្រ សម្រេចបាន១០០%
-ចាក់បេតុងផ្លូវ ប្រវែង២,៣៥៤ម៉ែត្រ សម្រេចបាន១០០%
-សាងសង់ទំនប់ការពារទឹកជំនន់នៅភូមិកោះ សង្កាត់លលកស ប្រវែង១,៥០០ម៉ែត្រ រួមទាំងការក្រាលគ្រួសក្រហមលើទំនប់ សម្រេចបាន១០០%
-ការធ្វើចង្អូរទឹកជុំវិញតំបន់ផ្សារថ្មី កំពុងដំណើរការ សម្រេចបាន១០០%
-ការងាររៀបរបាំងការពារដី សងខាងផ្លូវ ប្រវែង២២,៦៣៨ម៉ែត្រ បានបញ្ចប់១០០%
-ការងារមួយចំនួនដែលស្នើបន្ថែមពេលក្រោយ រួមមាន៖ ផ្លាកសញ្ញាចរាចរណ៍ ចំនួន៣៤២ផ្លាក និងការងារអ៊ុតគំនូសសញ្ញាចរាចរណ៍ សរុប៧,៤៧៧ម៉ែត្រក្រឡា នៅមិនទាន់បានអនុវត្តទេ។

*ទី២៖ អនុគម្រោងទីលានចាក់សំរាម អនុគម្រោងនេះ ចាប់ផ្តើមអនុវត្តនៅខែមេសា ឆ្នាំ២០២០ មកទល់ពេលនេះសម្រេចការងារសាងសង់បាន ១០០% ដោយមានសមិទ្ធផលមួយចំនួនដូចខាងក្រោម៖

-ផ្លូវចូលទៅទីលាន ប្រវែង១,៥០០ម៉ែត្រ ជាប្រភេទDBST
-ការងារសាងសង់ក្នុងទីលានរួមមាន៖ ការចាក់បំពេញដីក្នុងទីលាន, ផ្លូវក្នុងទីលានជាប្រភេទAC ប្រវែង៨៥០ម៉ែត្រ, របងព័ទ្ធជុំវិញ ប្រវែង១,៥៨៩ម៉ែត្រ, រណ្តៅទុកដាក់សំរាមទី០១ និងទី០២, អគាររដ្ឋបាល, ឃ្លាំងសម្រាប់ហាលភក់, អាងចំរោះទឹករងៃ, ដាំកូនឈើ ៣៨៧ដើម, សង់បង្គោលភ្លើងសូឡា ២៣ដើម, ស្រះបំលែងក្លិន, អាងចំរោះទឹក ដែលហូរពីស្រះបំលែង, ជញ្ជីងថ្លឹងរថយន្ត, អគារដាក់ម៉ាស៊ីនភ្លើង, អគារម៉ាស៊ីនបូមទឹក, អណ្តូងទឹកប្រើប្រាស់ ១កន្លែង, និងអណ្តូងទឹកសម្រាប់ត្រួតពិនិត្យគុណភាពទឹក ២កន្លែង។

លោក លឹម សុខតូ មានប្រសាសន៍ថា ការគ្រប់គ្រងប្រព័ន្ធលូ និងអាងចម្រោះទឹកកខ្វក់ រដ្ឋបាលខេត្តនឹងស្នើសុំទៅក្រសួងសាធារណការ និងដឹកជញ្ជូន ហើយរដ្ឋបាលខេត្តនឹងសុំគោលការណ៍ ពីឯកឧត្តមអភិបាលខេត្ត បង្កើតគណៈកម្មការគ្រប់គ្រងសម្រាមថ្នាក់ខេត្ត ដោយការប្រមូលសម្រាមប្រគល់ឲ្យរដ្ឋបាលក្រុងពោធិ៍សា ជាអ្នកគ្រប់គ្រង សហការជាមួយក្រុមហ៊ុន, ឯផ្នែកទីលានចាក់សម្រាម ប្រគល់ឲ្យមន្ទីរជំនាញបរិស្ថាន ជាអ្នកគ្រប់គ្រង៕