(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខជូន លោកជំទាវ ឡាញ់ ដារ៉ា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម ជៀប ស៉ីវន តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា។

ក្នុងការរំលែកទុក្ខដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖

«ខ្ញុំ និងភរិយាមានក្តីរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម ជៀប ស៊ីវន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា ត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាពកាលពីវេលាម៉ោង ២១៖២០នាទីយប់ ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ និងភរិយាសូមសម្តែងនូវការសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុតជាមួយ លោកជំទាវ និងក្រុមគ្រួសារនៃសព ចំពោះកាបាត់បង់ ឯកឧត្តម ជៀប ស៊ីវន ដែលជាស្វាមី ឪពុក ឪពុកក្មេក ជីតា ពោរពេញដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ចំពោះភរិយា កូនៗ ចៅៗជាទីស្រឡាញ់។

មរណភាពរបស់ឯកឧត្តម ជៀប ស៊ីវន ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនមួយរូប ដែលបានបំពេញការងារយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ មិនចេះនឿយហត់ប្រកបដោយឆន្ទៈមនសិការបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ នាពេលកន្លងមក។

ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ជៀប ស៊ីវន សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា»៕