(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីមន្ទីរទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ស្តីពីគោលការណ៍ណែនាំប្រការគួរធ្វើ និងមិនគួរធ្វើ (Do and Don’t) សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុងតាមគន្លងប្រក្រតីភាពថ្មី។

សិក្ខាសាលាផ្សព្វផ្សាយនិងវគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាពលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ (គ.ជ.វ.ទ) និងដោយមានការចូលរួមពីសមាសភាពលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន មន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ (ចូលរួមតាមរយៈប្រព័ន្ធវីដេអូ ZOOM) សរុបប្រមាណ២០០នាក់។

លោក ណេប សាមុត បានឱ្យដឹងថា ដោយយោងតាមផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ ទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ និងផែនការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ដែលបានអនុម័តដោយរាជរដ្ឋាភិបាលនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ក្នុងការលើកកម្ពស់ទំនុកចិត្តនិងភាពជឿជាក់របស់ភ្ញៀវទេសចរផ្ទៃក្នុង ត្រូវរៀបចំពិធីសារសុវត្ថិភាពសម្រាប់ចលានាទេសចរណ៍ផ្ទៃក្នុង ដែលមានវិសាលភាពគ្របដណ្តប់លើរាល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរដើម្បីគ្រប់គ្រងសកម្មភាពទេសចរណ៍នៅក្នុងតំបន់ ឬគោលដៅទេសចរណ៍ក្នុងស្រុកបៃតង និងលឿង ដោយមានការរៀបចំសៀវភៅណែនាំ ឬផ្លាកសញ្ញាដែលងាយយល់ និងងាយចងចាំសម្រាប់ភ្ញៀវទេសចរផ្ទៃក្នុងអំពីប្រការគួរធ្វើ និងមិនគួរធ្វើ (Do and Don’t) នៅតាមតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ព្រមទាំងផ្ទាំងរូបភាពណែនាំ ដែលមានការរៀបចំជា QR Code ដើម្បីឱ្យភ្ញៀវទេសចរអាចស្កេន និងទទួលបាននូវការណេនាំទាំងនោះក្នុងទូរស័ព្ទដៃរបស់ខ្លួន។

ដូច្នេះហើយទើបក្រសួងទេសចរណ៍បានដាក់ចេញនូវឯកសារផ្សព្វផ្សាយគោលការណ៍ណែនាំនេះ ដើម្បីជំរុញការចូលរួមបន្ថែមទៀតរបស់ប្រតិបត្តិករទេសចរណ៍ ពិសេសទៅតាមអនុវិស័យដែលមានកម្រិតភាគរយទាបនៅឡើយ។

លោក គឹម សេរីរដ្ឋ អគ្គលេខាធិការរង គ.ជ.វ.ទ និងជាប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅនឹងម្ហូបអាហារ បានប្រគល់បណ្ណផ្សព្វផ្សាយ (Poster) ស្តីពីប្រការគួរធ្វើ និងមិនគួរធ្វើ (Do and Don’t) សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុងតាមគន្លងប្រក្រតីភាពថ្មីដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងតំណាងសមាគមទេសចរណ៍ដើម្បីធ្វើបណ្តុះបណ្តាលណែនាំ និងផ្សព្វផ្សាយបន្តដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភ្ញៀវទេសចរចូលរួមអនុវត្ត៕