(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា និងអធិការកិច្ចគុណភាព SGS (CAMBODIA) LIMITED បានសហការសម្របសម្រួលរៀបចំសិក្ខាសាលា ស្តីពី «គុណភាពនៃឧស្សាហកម្មស្បែកជើង» ក្នុងគោលបំណងលើកកម្ពស់គុណភាពផលិតផលស្បែកជើងនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោក។
សិក្ខាសាលានេះ ត្រូវបានប្រារព្ធឡើងពេញមួយថ្ងៃ នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារហ៉ីម៉ាវ៉ារី ដែលបង្ហាញដោយវាគ្មិនសំខាន់ គឺលោក Paul Bridge មកពីស្ថាប័នអធិការកិច្ចស្បែកជើងពិភពលោក នៃចក្រភពអង់គ្លេស (SGS Global Footwear UK) និងដោយមានការចូលរួមពី លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងសមាជិករោងចក្រ សហគ្រាស និងអ្នកវិនិយោគជាច្រើនរូបទៀត។
សមាគមស្បែកជើងកម្ពជា បានឲ្យដឹងថា ដោយមើលឃើញពីសក្ដានុពលនៃផលិតផលស្បែកជើងក្នុងប្រទេសកម្ពុជា ដូច្នេះហើយ អធិការកិច្ចគុណភាព SGS (CAMBODIA) LIMITED បានជួយសម្របសម្រួលរៀបចំសិក្ខាសាលានេះឡើង ដើម្បីណែនាំអំពីសេវាកម្ម និងគុណភាព ដែលត្រូវបានទទួលស្គាល់ដោយទីផ្សារពិភពលោក និងស្តង់ដារ ដែលអាចជឿទុកចិត្តបានពីរោងចក្រ សហគ្រាស និងអ្នកបញ្ជាទិញ៕