(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ នឹងប្រារព្ធអង្គប្រជុំអបអរសាទរទិវារំលឹកខួប ២៩ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញកម្ពុជា ក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុមលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅសាលសន្និសីទអគារស វិមានរដ្ឋចម្ការមន។
ពិធីនេះនឹងត្រូវរៀបចំឡើងដោយមានការចូលរួមដោយផ្ទាល់ពីសំណាក់តំណាងក្រសួងមហាផ្ទៃ និងក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូខនហ្វឺរិន (Zoom) ពីសំណាក់ប្រធានក្រុមប្រឹក្សា/ជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូជានាយក/នាយិកាវិទ្យាល័យ នាយក/នាយិកាអនុវិទ្យាល័យ និងនាយក/នាយិកាសាលាបឋមសិក្សានៃរាជធានី ខេត្តទាំង២៥។
នៅក្នុងពិធីនោះ ក្រុមប្រឹក្សាធម្មនុញ្ញនឹងប្រគល់ជូនសៀវភៅរដ្ឋធម្មនុញ្ញ ចំនួន ៣០,០០០ច្បាប់ ជូនក្រសួងអប់រំ យុវជន និងកីឡា ដើម្បីក្រសួងចែកជូនដល់គ្រប់បុគ្គលិកសិក្សា នៅតាមគោលដៅបណ្ដុះបណ្ដាលស្របតាមស្មារតី នៃអនុស្សរណៈនៃការព្រមព្រៀង និងជូនសៀវភៅរដ្ឋធម្មនុញ្ញចំនួន ៣៣,៤១៣ច្បាប់ ជូនក្រសួងមហាផ្ទៃ ដើម្បីក្រសួងនាំយកចែកជូនដល់គ្រប់សមាសភាពនៃក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ ឃុំ សង្កាត់ ទាំង២៥ នៅទូទាំងប្រទេស៕