(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្ញើសារចូលរួមរំលែក មរណទុក្ខ យ៉ាងក្រៀមក្រំបំផុតជូនលោកជំទាវ ឡាញ់ ដារ៉ា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ជៀប ស៊ីវន សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២១:២០នាទី ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។
ក្នុងសារលិខិតរំលែកទុក្ខសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចាត់ទុកមរណភាព ឯកឧត្តម ជៀប ស៊ីវន គឺជាការបាត់បង់ស្វាមី ឳពុក ឳពុកក្មេក និងជីតាជាទី
គោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវអ្នកស្នេហាជាតិដ៏សំខាន់មួយរូបដែលបានរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនរៀងរហូតមក។
សម្តេចវិបុលសេនាភក្តី បានបន្ថែមថា ទោះបីរូបកាយរបស់ឯកឧត្តម ជៀប ស៊ីវន បានបាត់បង់ទៅមែនពិត ប៉ុន្តែស្នាដៃ អំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរ នឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្ដកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
សម្តេច ក៏សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជៀប ស៊ីវន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕