(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលឋិតក្រោមឱវាទឲ្យបន្តយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធិភាពឲ្យបានខ្ពស់ លើកិច្ចការងារសន្តិសុខ ពិសេសការបង្ក្រាបល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ស្របតាមបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការលើកឡើងរបស់លោកអភិបាលខណ្ឌ ថ្លែងឡើង នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ចើញចូលរួមពីអស់លោកលោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រី ជាចៅសង្កាត់ លោកនាយប៉ុស្តិ៍ទាំង៨ និងមន្ត្រីចំណុះជំនាញក្រោមឱវាទ ជាច្រើនរូបទៀតផងដែរ។

នៅក្នុងកិច្ចប្រជុំខាងលើ លោកអភិបាលខណ្ឌ បានដាក់ចេញផែនការណ៍មួយចំនួន លើកិច្ចការងារសន្តិសុខ ដើម្បីជាយុទ្ធសាស្ត្រដល់កងកម្លាំងមន្ត្រីក្រោមឱវាទ យកទៅអនុវត្តក្នុងគោលដៅលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង លប់បំបាត់គ្រឿងញៀន ក៏ដូចជាអំពើលួចឆក់ប្លន់ជាដើម ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ក្នុងឱកាសនោះ លោកអភិបាល បានណែនាំដល់មន្ត្រីអនុវត្តទាំងអស់ ត្រូវបន្តសកម្មភាពចុះ ត្រួតពិនិត្យតាមគោលដៅ ហាងលក់កាហ្វេគុយទាវ ឬទីកន្លែងប្រកបអាជីវភាពផ្សេងៗមួយចំនួនទៀត ប្រសិនបើរកឃើញថា មានការលួចលាក់បង្កប់ នូវប្រភេទល្បែងអនឡាញខុសច្បាប់ គឺចាំបាច់ត្រូវបង្ក្រាប ដោយមិនបណ្តែតបណ្តោយឲ្យម្ចាស់ទីតាំង យកអាជីវកម្មស្របច្បាប់មកជាខែលដែលបាំងអំពើខុសរបស់ខ្លួនបានតទៅមុខទៀតនោះឡើយ។

ដោយឡែកចំពោះទីតាំងកុងស៊ីទទួលបញ្ចាំទាំងអស់ លោកអភិបាល ក៏បានណែនាំឲ្យបន្តចុះពិនិត្យមើលឲ្យបានជាប់លាប់ ថាតើទីតាំងទាំងនោះ បានប្រកបអាជីវកម្មខ្លួន ស្របទៅនឹងច្បាប់ដែរឬទេ ចៀសវៀងការដែលទទួល បញ្ចាំយានយន្ត យានជំនិះ ឬទ្រព្យសម្បត្តិផ្សេងទៀត ដោយមិនមានឯកសារ ដែលជាអំពើខុសនឹងច្បាប់ ឬជាការទទួលផលចោរកម្មជាដើម។

ស្របទៅនឹងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ លោកអភិបាល ក៏បានដាក់ចេញនូវផែនការឲ្យកម្លាំងគណៈបញ្ជាការឯកភាពទាំងអស់ ត្រូវពង្រឹងបន្ថែមលើការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមវត្តអារាមដោយធ្វើយ៉ាងណា ត្រូវរក្សាឲ្យបាននូវសុខសុវត្ថិភាព ជូនពួកគាត់។

ក្រៅពីកិច្ច ការងារសន្តិសុខសណ្តាប់ធ្នាប់ហើយនោះ លោកអភិបាលក៏បានណែនាំមន្ត្រីឲ្យបន្តការយកចិត្តលើកិច្ចការងារផ្សេងៗជាច្រើនទៀតផងដែរដូចជា ៖ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព រហ័ស និងប្រកបដោយប្រសិទ្ធភា, ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការវ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញជូនប្រជាពលរដ្ឋ, ពន្លឿនសិក្សាគម្រោងអភិវឌ្ឍន៍សង្កាត់និងខណ្ឌ និងការកែសម្រួលសមាសភាពគណៈកម្មាធិការនានា ឲ្យស្របនឹងស្ថានភាពជាក់ស្តែង៕