(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានផ្ញើសារចូលរួមរំលែទុក្ខចំពោះមរណភាពរបស់ លោក ជៀប ស៉ីវន តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា។
ក្នុងលិខិតចូលរួមមរណទុក្ខ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជា បានរៀបរាប់ថា៖ «គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល សូមសម្តែងនូវទុក្ខក្រៀមក្រំប្រកបដោយក្តីក្តុកក្តួលបំផុតដោយឯកឧត្តម ជៀប ស៊ីវន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២១៖២០នាទី ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះការបាត់បង់ឯកឧត្តម ជៀប ស៊ីវន ដែលជាឥស្សរជនដ៏សកម្មមួយរូប
ធ្លាប់បានធ្វើសកម្មភាពគ្រប់បែបយ៉ាងក្នុងការបម្រើដល់ប្រយោជន៍សង្គមជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។ គណបក្សសូមកត់ត្រាទុកនូវរាល់ស្នាដៃ និងឧត្តមគតិរបស់ឯកឧត្តម ជៀប ស៊ីវន ដែលបានបន្សល់ទុកសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
គណៈអចិន្ត្រៃយ៍នគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីសោកសង្រេងបំផុត ជាមួយក្រុមគ្រួសារនៃសពឯកឧត្តម ជៀប ស៊ីវន ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តម បានទៅកាន់សុគតិភពកុំបីខានឡើយ»៕