(កណ្ដាល)៖ ដោយមានការបញ្ជាផ្ទាល់ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកងកម្លាំងទាំង៣ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យទីតាំងអាជីវកម្មរបស់ជនជាតិចិនមួយកន្លែង មានទីតាំងស្ថិតនៅសង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បន្ទាប់ពីចុះពិនិត្យទីតាំងអាជីវកម្មខាងលើ បានរកឃើញថាជនជាតិចិនមានចំនួន៧២នាក់ ក្នុងនោះ១៦នាក់គ្មានលិខិតត្រឹមត្រូវ។

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់របស់លោក គង់ សោភ័ណ្ឌ, ទីតាំងខាងលើនេះត្រូវបានបិទជាបណ្ដោះអាសន្ន ព្រមទាំងឲ្យមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់អនុវត្តទៅតាមនីតិវិធី។

លោកថា ចំពោះការអនិវត្តន៍ច្បាប់ទៅលើជនជាតិចិន លោកពុំទាន់ច្បាស់នៅឡើយទេ ដ្បិតសមត្ថកិច្ចកំពុងធ្វើការលើរឿងនេះ ពុំទាន់ចប់នៅឡើយទេ។ តែយ៉ាងណា លោកនឹងនៅតែស្នើរសុំគោលការណ៍ពីថ្នាក់លើបន្តអនុវត្តន៍បង្ក្រាប ទីតាំងណាដែលលួចលាក់បង្កប់ល្បែងស៊ីសងជាបន្តបន្ទាប់ឲ្យដូចភ្លៀងរលឹម។

ចំពោះការអនុវត្តន៍ច្បាប់ទៅលើជនជាតិចិនទាំងអស់នោះ ព្រមទាំងម្ចាស់អាជីវកម្ម លោកវរសេនីយ៍ឯកឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្ដាលបានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២១ ខែកញ្ញាថា សមត្ថកិច្ចកំពុងធ្វើការលម្អិតលើរឿងនេះ៕