(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានគាំទ្ររាជរដ្ឋាភិបាល គាំទ្រគណបក្សប្រជាជនកម្ពុជា ដោយបានបោះឆ្នោតជូនកន្លងមក ពិសេសក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥កន្លងទៅថ្មីៗនេះ ធ្វើឱ្យបេក្ខភាពឈរឈ្មោះរបស់គណបក្សប្រជាជនឈ្នះជាមេឃុំ ជាក្រុមប្រឹក្សានិងជំទប់ជាច្រើន។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសចូលរួមវេនបិណ្ឌទី១១ នៅវត្តទក្សិណគីរីហៅវត្តសំឡាញ ស្ថិតក្នុងភូមិសំឡាញ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោក សំ លាងទ្រី បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីលោក មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ, លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត, លោក គីម រិទ្ធី អភិបាលខេត្ត ដែលជានិច្ចជាកាលតែង គិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខ និងជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហាររបស់យើង។

លោកបានប្រាប់ប្រជាពលរដ្ឋពីការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ជាក់ស្តែងនៅឃុំត្បែងមួយ ស្រុកសង្គមថ្មីយើង កាលពីមុនគឺពិបាកណាស់ តែពេលនេះយើងមានផ្លូវ មានសាលារៀន មានវត្តអារ៉ាម ហើយវត្តអារ៉ាមយើងនៅពេលនេះគឺកំពុងតែមានការអភិវឌ្ឍន៍ ដោយយើងបានកសាងខ្លោងទ្វារយកតាមរចនាបទចម្លាក់ខ្មែរ រូបដំរីមួយគូរធ្វើអំពីថ្មនិងរបងទៀតផង។

លោក សំ លាងទ្រី បានថ្លែងយ៉ាងដូច្នេះទៀតថា សមិទ្ធិផលនានាដែលកំពុងកសាងនៅវត្តទក្សិណគីរី ហៅវត្តសំឡាញ នៅពេលនេះ គឺកើតឡើងដោយមានការចូលរួមយ៉ាងច្រើនពីបងប្អូនប្រជាពលរដ្ឋយើងនៅទីនេះ បើមិនមានការ ចូលរួមពីបងប្អូន សមិទ្ធិផលនានានៅក្នុងវត្ត និងនៅក្នុងឃុំត្បែងមួយទាំងមូល និយាយរួមទូទាំងស្រុកសង្គមថ្មី មិនអាចមានការអភិវឌ្ឍន៍រីកចម្រើនបានទេ។

ជាមួយគ្នានេះ លោកក៏បន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាអាណត្តិក្រោយនេះ ដើម្បីសម្តេចតេជោបន្តដឹកនាំប្រទេសយើង ឱ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនតទៅទៀត។

នៅក្នុងពិធីចូលរួមវេនបិណ្ឌទី១១នាឱកាសនេះ លោក សំ លាងទ្រី និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារបានចូលរួមរាប់បាត្រ វេចង្ហាន់ ទយ្យវត្ថុ បច្ច័យ ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់មាតា បិតា ញាតិការទាំង៧សណ្តាណ ដែលបានចែកឋានទៅកាន់បរលោក និងបានជូនថវិកាដល់លោកយាយ លោកតា ដែលបានចូលរួមក្នុងម្នាក់ៗថវិកា១០០០០រៀល ជូនសាលាឃុំត្បែងមួយថវិកា៥០.០០០០រៀលដើម្បីទិថ្មចាក់តាមផ្លូវ និងបានចូលរួមពិសារបាយ ជាមួយប្រជាពលរដ្ឋនៅក្នុងសាលាធម្មសភាដោយភាពស្និទស្នាលផងដែរ៕