(កំពង់ធំ)៖ លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដឹកនាំកិច្ចប្រជុំពង្រឹងវិន័យ និងរបៀបរបបការងារប្រចាំថ្ងៃដល់មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ធំ ព្រមទាំងក្រើនរំលឹកដល់ មន្ត្រីទាំងអស់ត្រូវគោរពតួនាទី ភារកិច្ចរបស់ខ្លួនទៅតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំ។

លោកនាយករដ្ឋបាលសាលាខេត្តកំពង់ធំ បន្ថែមទៀតថា អង្គភាពរដ្ឋបាលសាលាខេត្ត គឺជាអង្គភាពកំពូលនៅក្នុងខេត្តដែលមានក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ជាថ្នាក់ដឹកនាំកំពូលនៅក្នុងខេត្ត ហើយមន្ត្រីរាជការ គឺជាសេនាធិការឲ្យថ្នាក់ដឹកនាំ ធ្វើយ៉ាងណាឱ្យអង្គភាពរដ្ឋបាលសាលាខេត្តក្លាយទៅជារដ្ឋបាលកំពូលនៅក្នុងខេត្ត ដោយមានការគាំទ្រពីបណ្ដារដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាព និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ។

លោក ម៉ាក់ ប៊ុនហុង បន្ថែមទៀតថា មន្ត្រីរាជការគ្រប់រូបត្រូវរក្សាតម្លៃជាមន្ត្រីរាជការ រៀបចំឥរិយាបថឲ្យបានសមរម្យ ហើយផ្តោតអារម្មណ៍ទៅលើការអនុវត្តការងារតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន កុំទម្លាប់អង្គុយចាប់កំហុសអ្នកដទៃ ហាមដាច់ខាតការទៅយកតួនាទីភារកិច្ចរបស់គេមកធ្វើជំនួស យើងខិតខំធ្វើការងាររបស់យើងឲ្យបានល្អប្រសើរ ជាពិសេសថ្នាក់ដឹកនាំអង្គភាពនីមួយៗក្នុងរចនាសម្ពន្ធរដ្ឋបាលសាលាខេត្ត ត្រូវមានរបបប្រជុំផ្ទៃក្នុងប្រចាំខែឲ្យបានញឹកញ៉ាប់ ដើម្បីទទួលនូវបញ្ហាប្រឈម សំណូមពរ និងស្វែងរកដំណោះស្រាយជូនមន្ត្រីរបស់ខ្លួនប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

លោក ម៉ាក់ ប៊ុនហុង បន្តថា មន្ត្រីទាំងអស់ ត្រូវពង្រឹងផ្នែកប្រព័ន្ធបច្ចេកវិទ្យា ពង្រឹងសមត្ថភាពរបស់ខ្លួន ពន្លឿនការអនុវត្តការងារឲ្យបានឆាប់រហ័ស និងមិនត្រូវមានការកកស្ទះនៅរាល់ឯកសារណាមួយនៅគ្រប់ការិយាល័យ ជំនាញជាដាច់ខាត។ ម្យ៉ាងវិញទៀត ត្រូវមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រី និងមន្ត្រី ក៏ដូចជា ជាមួយមន្ទីរអង្គភាពជុំវិញខេត្ត ជាពិសេសប្រជាពលរដ្ឋដែលមកទទួលសេវាជាដើម។

លោកនាយករដ្ឋបាលសាលាខេត្តកំពង់ធំបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពី អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តជូនចំពោះមន្ត្រីរាជការគ្រប់រូបនៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ព្រមទាំងបានជួយឧត្ថម្ភនូវថវិកាមួយចំនួននៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ៕