(ភ្នំពេញ)៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានសាងសង់រួចរាល់ស្ទើរទាំងស្រុងហើយ។ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុននឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរហើយ ជាមួយការមិនគិតថ្លៃរយៈពេលមួយខែ។
ជាមួយនឹងការប្រកាសដាក់ឱ្យដំណើរការក្រុមហ៊ុនក៏បានបង្ហាញតារាងតម្លៃសម្រាប់ការធ្វើដំណើរឆ្លងកាត់លើផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជានេះផងដែរ។ តម្លៃសម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿននេះ ចែកចេញជា៥ប្រភេទដូខាងក្រោម។
ប្រភេទទី១៖ ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៦០០សេសេឡើង, រថយន្តគ្រួសារ/រថយន្តដឹកទំនិញ (គ្រួសារ) ផ្ទុកមិនលើពី ៧នាក់, រថយន្តដឹកទំនិញធុនស្រាល ផ្ទុកមិនលើសពី២តោន តម្លៃ ០.០៦៤ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.០៨ដុល្លារក្នុងមួយគីឡូម៉ែត្រ។
ប្រភេទទី២៖ រថយន្តដឹកអ្នកដំណើរផ្ទុកចាប់ពី ៨នាក់ ដល់ ១៩នាក់, រថយន្តដឹកទំនិញផ្ទុកចាប់ពី ២តោន ដល់ ៥តោន តម្លៃ ០.១២៨ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់ តម្លៃ ០.១៦ដុល្លារ ក្នុងមួយគីឡូម៉ែត្រ។
ប្រភេទទី៣៖ រថយន្តដឹកអ្នកដំណើរធុនធំ ផ្ទុកចាប់ពី ២០នាក់ ដល់ ៥៦នាក់, រថយន្តដឹកទំនិញផ្ទុកចាប់ពី ៥តោន ដល់ ១០តោន តម្លៃ ០.១៩២ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.២៤ដុល្លារ។
ប្រភេទទី៤៖ រថយន្តដឹកទំនិញធុនធ្ងន់ផ្ទុកចាប់ពី ១០តោន ដល់ ២០តោន តម្លៃ ០.២៥៦ដុល្លារក្នុងមួយគីឡូម៉ែត្រសម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.៣២ដុល្លារសម្រាប់មួយគីឡូម៉ែត្រ។
ប្រភេទទី៥៖ រថយន្តដឹកទំនិញធុនធ្ងន់ ផ្ទុកលើសពី២០តោនឡើងទៅ (គិតទាំងរ៉ឺម៉កសណ្តោង) តម្លៃ ០.៣២ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.៤០ដុល្លារក្នុងមួយគីឡូម៉ែត្រ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា តម្លៃកំណត់ខាងលើនេះ នៅមានកម្រិតទៀបជាងបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។
ក្នុងដំណើរអញ្ជើញចុះពិនិត្យចុងក្រោយលើការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «សូមជម្រាបថា ជាមធ្យមមួយគីឡូម៉ែត្រគេយក ១០សេន ទៅ ១២សេន តែយើងយកតែ ៨សេនទេ»។
ឆ្លើយតបការលើកឡើងថា ផ្លូវល្បឿនប្រទេសជិតខាងមួយចំនួនយកថ្លៃប្រើប្រាស់ផ្លូវថោកជាង កម្ពុជានោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ដោយសារកត្តាបម្រែបម្រួលស្ថានភាពសេដ្ឋកិច្ច និងភាពខុសគ្នានៃសេដ្ឋកិច្ចពីដំណាក់កាលមួយទៅដំណាក់កាលមួយ។ ពោលផ្លូវខ្លះសាងសង់ឡើងក្នុងដំណាក់កាលតម្លៃវត្ថុធាតុដើម ឬតម្លៃពលកម្មទាប ដូច្នេះការសាងសង់ចំណាយដើមទុនទាប តែបច្ចុប្បន្នតម្លៃនៃការសាងសង់ខុសគ្នា បើធៀបទៅនឹងរយៈពេល ១០ឆ្នាំ ឬ២០ឆ្នាំមុន។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «ផ្លូវមួយចំនួននៅប្រទេសជិតខាងយើង ផ្លូវខ្លះគេធ្វើ ១០ឆ្នាំ ២០ឆ្នាំមុនហើយ អ៊ីចឹងតម្លៃមិនមែន ២ពាន់លានដុល្លារទេ ពេលធ្វើអាចប្រហែល ៥០០លានឧទាហរណ៍ តែយើងឡើងដល់ ២ពាន់លានដុល្លារ។ ផ្លូវនេះ [ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ] ពេលខ្ញុំសិក្សា២០០៧ យើងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនតម្លៃ ៧០០លានដុល្លារអាមេរិក ឥឡូវឡើងជា ២ពាន់លានដុល្លារសហរដ្ឋអាមេរិក»។
ហេតុផលមួយទៀត ដែលនាំឱ្យការយកថ្លៃខុសគ្នា គឺដោយសារចំនួនយានយន្តនៅកម្ពុជាមានចំនួនតិច ធៀបនឹងប្រទេសដទៃ ដែលតម្រូវឱ្យមានការកំណត់តម្លៃខ្ពស់ ដើម្បីឱ្យក្រុមហ៊ុនអាចប្រមូលទុនវិនិយោគវិញ ក្នុងរយៈពេលវិនិយោគ៥០ឆ្នាំ កំណត់ដោយរាជរដ្ឋាភិបាល។ នេះជាការបញ្ជាក់បន្ថែមរបស់លោកទេសរដ្ឋមន្ត្រី។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ «មិនមែនចិនប្រមូលលុយខ្មែរទេ។ ចិនដាក់លុយដុំ ២ពាន់លានដុល្លារ ចិនយកលុយរាយទៅវិញបន្តិចម្តងៗ ដើម្បីរំលោះលុយគាត់វិញ»។
លោករដ្ឋមន្ត្រី បានបន្ថែមថា «អ៊ីចឹងប្រទេសជិតខាងអាចថោកបន្តិច ប៉ុន្តែប្រទេសចំនួនច្រើន តម្លៃខ្ពស់ ដោយសារគេប្រើតម្លៃជាគោល ១០សេន ទៅ ១២សេនក្នុងមួយគីឡូម៉ែត្រ»។
សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។
គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា លោកបានដាក់សំណើទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បើកសម្ពោធផ្លូវនេះជាផ្លូវការនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២នេះ ពេលដែលលោក លី ខឺឈាង នាយករដ្ឋមន្ត្រីបំពេញទស្សនកិច្ចនៅកម្ពុជា។
ផ្លូវល្បឿនលឿននេះ កំណត់ឱ្យបើកបរក្នុងល្បឿនចាប់ពី ៦០គីឡូម៉ែត្រ ដល់ ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕