(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក វង្សប៊ុន វិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពី អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ អង្គភាពកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុកទាំង១០ ដើម្បីដាក់ចេញនូវវិធានការមួយចំនួន ឈានទៅបង្ក្រាបល្បែងស៉ីសងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានថ្លែងថា មកដល់ពេលនេះល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ដាច់ខាតត្រូវតែបង្ក្រាបឲ្យអស់ពីមូលដ្ឋាន បូករួមទាំងការជួញដូរមនុស្ស ការសម្អាតលុយកខ្វក់ និងបទល្មើសគ្រឿងញៀន ដែលកើតមានត្រូវបង្ក្រាបឲ្យគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ សមត្ថកិច្ចត្រូវកំណត់ទីតាំង ដែលធ្លាប់ធ្វើអាជីវកម្មល្បែងស៉ីសងខុសច្បាប់ ត្រូវបន្តធ្វើកិច្ចសន្យា ឲ្យម្ចាស់ទីតាំងទាំងនោះទទួលខុសត្រូវ ចំពោះមុខអាជ្ញាធរ ដោយធានាថា មិនឲ្យមានការលេងល្បែងស៉ីសងខុសច្បាប់។
លោកអភិបាលខេត្ត បានសំណូមពរឲ្យមន្ត្រីមានសមត្ថកិច្ចទាំងអស់ ហាមពាក់ព័ន្ធជាមួយនឹងបទល្មើសល្បែងស៉ីសងគ្រប់ប្រភេទ ជាងនេះទៅទៀត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវធ្វើការណែនាំបន្ថែមទៅមន្ត្រីរបស់ខ្លួន នៅឯមូលដ្ឋានកុំឱ្យពាក់ព័ន្ធ កុំនៅពីក្រោយ កុំអន្តរាគមន៍ និងកុំបិទបាំង។
លោកអភិបាលខេត្ត ក៏បានណែនាំឲ្យគណៈបញ្ជាការឯកភាព ក្រុង ស្រុក បន្តសហការជាមួយស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដោយត្រូវដើរទន្ទឹមគ្នាទាំងនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ រួមទាំងសារព័ត៌មាន ត្រូវបន្តនូវកិច្ចសហការឈានទៅបង្ក្រាបឲ្យបានជោគជ័យ។
លោក វង្សប៊ុន វិសុទ្ធ បានលើកឡើងផងដែរថា ទាក់ទិនការចុះបង្ក្រាបល្បែងស៉ីសងគ្រប់ប្រភេទ សមត្ថកិច្ចត្រូវផ្ដោតសំខាន់ទៅលើវត្ថុតាង និងត្រូវប្រមូលឧបករណ៍ ជាធាតុផ្សំ នៃល្បែងស៉ីសងនោះ ឲ្យបានគ្រប់គ្រាន់ ដើម្បីចងក្រងឯកសារ ចាត់ការទៅតាមនីតិវិធី៕