(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានបើកសិក្ខាសាលា ស្ដីពីការបង្ការការប្រើប្រាស់គ្រឿងញៀននៅសាលារៀន ដល់គ្រូបង្រៀន សិស្សានុសិស្ស និងអាណាព្យាបាល នៃមជ្ឈមណ្ឌលភាសា អេ អាយ អេ (Aii) និងសាលារៀនអន្តរទ្វីប អាមេរិកាំង (AIS) ។
សិក្ខាសាលានេះ បានធ្វើឡើងក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពាន គ្រឿងញៀន និងមានការអញ្ជើញចូលរួមដោយផ្ទាល់របស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន រួមទាំងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូផងដែរ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានថ្លែងថា បញ្ហាគ្រឿងញៀនបានក្លាយជាកង្វល់យ៉ាងខ្លាំងដល់រាជរដ្ឋាភិបាល វាមិនត្រឹមតែបង្ករបញ្ហាដល់សហគមន៍ សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចប៉ុណ្ណោះទេ លើសពីនេះវាបាន បណ្ដាលឱ្យមានបញ្ហាសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ ដែលសកលលោកកំពុងយកចិត្តទុកដាក់ និងបានដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍនប្រកបដោយចីរភាព។
លោកវេជ្ជបណ្ឌិតថ្លែងទៀតថា រីឯភាពញៀនគ្រឿងញៀន ក៏ជាបញ្ហាសុខភាពដ៏រ៉ាំរ៉ៃ ដែលការព្យាបាលមានភាពសាំញាំ ហើយ ទូទៅក្រោយការព្យាបាលអ្នកញៀនគ្រឿងញៀន តែងតែមានការលាប់ទៅប្រើគ្រឿងញៀន ឡើងវិញជាច្រើនដង មុននឹងឈានទៅទទួលបានការឈប់ប្រើគ្រឿងញៀនជាស្ថាពរ។
លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានជំរុញឱ្យប្រើពាក្យស្លោក «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» ។
ការចូលរួមនេះ គឺជាការចូលរួមពីគ្រប់មជ្ឈដ្ឋាននៃសង្គម ចាប់តាំងពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារនីមួយៗ សហគមន៍ រហូតដល់អង្គភាព ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល ។ដូច្នេះកម្មវិធីបង្ការការប្រើប្រាស់ គ្រឿងញៀនក្នុងសាលារៀន គឺជាយន្តការមួយសមស្របដែលតម្រូវឱ្យមានការចូលរួមពី គ្រូបង្រៀន សិស្សានុសិស្ស និងអាណាព្យាបាលជាចាំបាច់។
អគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល បានបន្ដថា សិក្ខាសាលានាថ្ងៃនេះ បានបង្កើតនូវកាលានុវត្តភាពថ្មីមួយ ដែលនឹងនាំមកនូវ ចំណេះដឹងបន្ថែមទៀត ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកអាណាព្យាបាល អំពីគ្រឿងញៀន កត្តាជំរុញឱ្យប្រើប្រាស់គ្រឿងញៀន ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនលើសុខភាព និងតួនាទីរបស់គ្រូបង្រៀន សិស្សានុសិស្ស និងអ្នកអាណា ព្យាបាលក្នុងការចូលរួមបង្ការការប្រើប្រាស់គ្រឿងញៀនក្នុងសាលារៀន ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ យកចិត្តទុកដាក់ស្តាប់ និងរៀនសូត្រឱ្យបានហ្មត់ចត់ ដើម្បីចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ (ចេះបដិសេធ និងពង្រឹងប្តេជ្ញាចិត្ត ប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន និងបង្កើតទំនាក់ទំនងល្អក្នុងសង្គម)៕