(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញលទ្ធផលស្រាវជ្រាវករណីមានជនជូនប្រជាពលរដ្ឋយកទូរស័ព្ទទៅបញ្ចាំដើម្បីបានលុយបង់ប្រាក់ផាកពិន័យ ជូនមន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅរង្វង់មូលគួចកាណុង។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា អ្នកដែលដឹកពលរដ្ឋយកទូរស័ព្ទទៅបញ្ចាំនោះ មិនមែនជាមន្ដ្រីនគរបាលនៅគោលដៅ នោះឡើយ ពោលជាជនស៉ីវិលឆ្លៀតឱកាស ហើយកម្លាំងសមត្ថកិច្ចកំពុងបន្ដស្រាវជ្រាវស្វែងរកចាប់ខ្លួន។

ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បែបនេះ ធ្វើឡើងបន្ទាប់បើកការស្រាវជ្រាវរយៈពេលពេញមួយថ្ងៃម្សិលមិញ ពោលក្រោយមានហេតុការណ៍នេះកើតឡើង ដោយសមត្ថកិច្ចបានហៅទាំងប្រជាពលរដ្ឋជាអ្នកបើកកង់បី និងនគរបាលចរាចរណ៍ទាំងអស់នៅគោលដៅនេះ មកធ្វើការសួរនាំទល់មុខគ្នាតែម្ដង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានរៀបរាប់យ៉ាងដូច្នេះថា៖

«បន្ទាប់ពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទាក់ទងទៅនឹងករណី ដែលកេីតឡេីងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១០៖៣០នាទីព្រឹក មានអ្នកបើកបរម៉ូតូកង់បីដឹកទំនិញម្នាក់ បានបើកបរទិសដៅពីវត្តភ្នំ គោលដៅឆ្លងស្ពានជ្រោយចង្វារ លុះមកដល់គោលដៅរង្វង់មូលកួចកាណុង ក៏ស្រាប់តែមានមន្រ្តីនគរបាលចរាចរណ៍ ឃាត់ធ្វើការផាកពិន័យ ករណីមិនកិបគន្លឹះមួកសុវត្ថិភាព.

ពេលនោះមន្ត្រីអនុវត្តច្បាប់ បានបញ្ជាក់ថា តាមច្បាប់លេីករណីល្មេីសនេះ ត្រូវផាកពិន័យ ៦០,០០០រៀល ពេលនោះគាត់ក៏បាននិយាយថា គាត់គ្មានប្រាក់ដើម្បីបង់ពិន័យនោះទេ រួចមកគាត់ក៏ទូរសព្ទទៅនិយាយជាមួយថៅកែរបស់គាត់ បន្ទាប់មកគាត់ក៏ហុចទូរស័ព្ទជូនមន្រ្តី ដើម្បីនិយាយគ្នាជាមួយថៅកែរបស់គាត់ គោលបំណងស្នើសុំមន្រ្តីនគរបាលចរាចរណ៍ កុំផាកពិន័យ ត្រឹមតែអប់រំទៅបានហើយ។

ភ្លាមនោះមន្រ្តីរបស់យើងក៏បានប្រគល់ទូរស៏ព្ទជូនគាត់វិញ ព្រមទាំងអនុញ្ញាតឲ្យរូបគាត់ទៅដោយមិនបានផាកពិន័យ។ ឆ្លៀតពេលនោះមានជនឱកាសនិយម ស្លៀកពាក់សុីវិលឆ្លៀតឱកាស ហៅបុរសនោះចេញមកក្រៅ ដោយប្រាប់ថាបេីអត់លុយ គាត់អាចនាំទៅកន្លែងបញ្ចាំ ដេីម្បីបង់ថ្លៃល្មេីសចរាចរណ៍ ដោយមិនចាប់អារម្មណ៍ ហេីយប្រញាប់ផង ក៏ជឿមិនបានគិត ហេីយក៏បានផ្តល់លុយនោះទៅឲ្យជនសុីវិលដែលបន្លំខ្លួនជាសមត្ថកិច្ចអនុវត្តច្បាប់។

បន្ទាប់ពីទទួលបានព័ត៌មាននេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការស្រាវជ្រាវ និងបានអញ្ជើញប្រធានគោលដៅ មន្រ្តីទាំងអស់នៅគោលដៅកួចកាណុង និងអ្នកបើកបរមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំងបានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធចុះទៅសួរនាំ និងឆែកកាមេរា សុវត្ថិភាពនៅហាងបញ្ចាំយីហោ ៥៨៥ ទទួលបានលទ្ធផលបញ្ជាក់របស់ម្ចាស់ហាងបញ្ចាំថា៖ នៅវេលាម៉ោងប្រហែលជិត១១៖០០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ មានជនស៊ីវិល ចំនួន២នាក់ បានជិះម៉ូតូម៉ាក PCX មិនចាំផ្លាកលេខ យកទូរសព្ទមកដាក់បញ្ចាំ នៅហាងរបស់គាត់ពិតប្រាកដមែន ប៉ុន្តែគាត់បានបដិសេធថា ជនទាំង២នាក់ខាងលើ គឺមិនមែនជាមន្រ្តីនគរបាលចរាចរណ៍នោះទេ។

ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងស្រាវជ្រាវរកមុខជនខិលខូចខាងលើ ដែលមិនមែនជាសមត្ថកិច្ច ដើម្បីយកមកសួរនាំបញ្ជាក់ឲ្យបានច្បាស់ថា តើមានជាប់ពាក់ព័ន្ធជាមួយនឹងមន្រ្តីនគរបាល ចរាចរណ៍ណាម្នាក់នៅគោលដៅខាងលើដែរឬអត់? ដើម្បីរកការពិត និងផ្តន្ទាទោសតាមច្បាប់»

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ត្រីទាំងអស់ត្រូវប្រេីប្រាស់កាយវិការ និងពាក្យសំដីឲ្យបានសមរម្យ ជាមួយប្រជាពលរដ្ឋ ទោះជាកំពុងរវល់ ឬហត់នឿយក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងណាក៏ដោយ។ ម្យ៉ាងវិញទៀត ត្រូវអនុវត្តការងារប្រកបដោយសីលធម៌ និងណែនាំអប់រំបន្ថែមអំពីច្បាប់ចរាចរណ៍ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដេីម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕