(ភ្នំពេញ)៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ព្រឹត្តិការណ៍ «សុខភាព ឱសថបុរាណចិន វប្បធម៌» ត្រូវបានប្រារព្ធឡើងដោយជោគជ័យ នៅសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដោយក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិន និងសហការរៀបចំដោយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំង សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ដោយមាននិស្សិតជាង១០០នាក់ មកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានចូលរួមក្នុងសកម្មភាពនេះ។
លោក តាំង ម៉េងឆុង នាយកវិទ្យាស្ថានខុងជឺកម្ពុជាបានគូសបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩មក កម្ពុជា និងចិនបានរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ដោយបានជួយគ្នាទៅវិញទៅមក។ ការមកដល់នៃក្រុមគ្រូពេទ្យជំនាញ វេជ្ជសាស្ត្របុរាណប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាក់ជាតិចិន ដំបូងគេ ដែលប្រទេសចិនចាត់បញ្ជូនបានមកដល់កម្ពុជា បានពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើការប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺវីរុសនេះបន្ថែមទៀត។
លោកបានបញ្ជាក់ដែរថា វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា គឺជាស្ពានសម្រាប់ទំនាក់ទំនងភាសា និងវប្បធម៌រវាងកម្ពុជា និងចិន ហើយការប្រារព្ធកម្មវិធីទិវាវិទ្យាស្ថានខុងជឺ ក្រោមប្រធានបទ «សុខភាព ឱសថបុរាណចិន និងវប្បធម៌ចិន» នេះ គឺក្នុងគោលបំណង ស្វែងយល់ពីចំណេះដឹង និងបទពិសោធន៍ និងវប្បធម៌ របស់ឱសថបុរាណចិន។
លោក Xu Feng ដែលជាប្រធានក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិននៅកម្ពុជាបានមានប្រសាសន៍ថា សុខភាពគឺជាទ្រព្យសម្បត្តិទីមួយនៃជីវិត ហើយឱសថបុរាណចិនគឺជាកំណប់ទ្រព្យ នៃវប្បធម៌ចិន។ គំនិតនេះគឺមានភាពស៊ីគ្នាយ៉ាងខ្លាំង ជាមួយនឹងទិសដៅអភិវឌ្ឍន៍នៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រសហសម័យ។
សុខភាពឱសថបុរាណចិនមានសមត្ថភាព ប្រកបដោយសក្តានុពល ក្នុងការរួមចំណែកកាន់តែល្អប្រសើរសម្រាប់បុព្វហេតុសុខភាពរបស់មនុស្សជាតិ។ ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិននឹងរួមដៃជាមួយវិទ្យាស្ថានខុងជឺ ដើម្បីនាំមកជូនអ្នកនូវបទពិសោធន៍ ឱសថបុរាណចិន ដ៏ទូលំទូលាយ និងប្រើប្រាស់ឱសថបុរាណចិន ដែលទ្រព្យសម្បត្តិដ៏មានតម្លៃ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើង សម្រាប់សុខភាពរបស់ប្រជាជន៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)