(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី បានបង្ហាញលេខទូរស័ព្ទ HelpLine ចំនួនពីរខ្សែជូនដល់សាធារណជន ជាពិសេសស្ដ្រីដែលរងនូវអំពើអយុត្តិធម៌ ការបៀតបៀនផ្សេងៗ ដើម្បីងាយស្រួលសុំកិច្ចអន្ដរាគមន៍ជួយសង្គ្រោះ។ លេខទូរស័ព្ទពីរខ្សែនោះរួមមាន ០៩៣ ៧៧៧ ៩០០ និង ០៨៥ ៧៧៧ ៩០០ ឬក៏អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់លេខ Hotline របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា ក្រៅពីលេខទូរស័ព្ទដែលបានបង្ហាញជូននេះ ជនរងគ្រោះដែលត្រូវការជំនួយអន្ដរាគមន៍ ក៏អាចទំនាក់ទំនងទៅកាន់ក្រសួងកិច្ចការនារីដោយផ្ទាល់ក៏បានដូចគ្នាផងដែរ ឬក៏អាចសុំជំនួយអន្ដរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។
លោកស្រីរដ្ឋមន្ដ្រី បានទទួលស្គាល់ថា កន្លងទៅការប្រើប្រាស់បណ្ដាញសង្គមពិតជាជួយបានច្រើន ក្នុងការឲ្យក្រសួងបានទទួលនូវព័ត៌មានស្ដីពីការសុំជំនួយផ្សេងៗ ប៉ុន្ដែក្នុងនោះក៏មានព័ត៌មានខ្លះ ជាការប្រឌិតក្នុងចេតនាមិនល្អដូចគ្នាផងដែរ។ លោកស្រីបានបន្ថែមថា នៅពេលទទួលបានព័ត៌មានផ្សេងៗ ក្រសួងកិច្ចការនារី ត្រូវធ្វើការស្រាវជ្រាវស្វែងរកប្រភពឲ្យបានច្បាស់លាស់ជាមុន ដើម្បីងាយស្រួលក្នុងការជួយអន្ដរាគមន៍ ហើយមិនមែនគ្រប់រឿងសុទ្ធតែអន្ដរាគមន៍ដោះស្រាយបានលឿននោះទេ។
លោកស្រី អ៉ឹង កន្ថាផាវី បានថ្លែងយ៉ាងដូច្នេះថា «ភាគច្រើនសាធារណជនលោកចង់ឃើញថា ក្រសួងអន្ដរាគមន៍ភ្លាមៗក្នុងរយៈពេល២៤ម៉ោង ប៉ុន្ដែយើងមិនអាចនោះទេ ព្រោះការស្វែងរកយុត្តិធម៌ត្រូវតែមានការស្រាវជ្រាវពិតប្រាកដសិន។ យើងអន្ដរាគមន៍ក្នុងការស្រាវជ្រាវសិន ទំនាក់ទំនងជាមួយសមត្ថកិច្ច ពិសេសជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិមុន ដើម្បីកំណត់ថា តើបញ្ហានេះកើតមានឬអត់? ពេលខ្លះគេប្រឌិតតែម្ដង»។
ទាក់ទិននឹងករណីសុំជំនួយអន្ដរាគមន៍ផ្សេងនេះ លោកស្រី ស ស៉ីណែត អគ្គនាយករង នៃអគ្គនាយកអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី បានលើកឡើងដែរថា បច្ចុប្បន្ននេះការស្វែងរកជំនួយអន្ដរាគមន៍ភាគច្រើនស្ដ្រី ក៏ដូចជាជនរងគ្រោះផ្ទាល់ បានធ្វើឡើងតាមរយៈបណ្ដាញសង្គម ឬរត់នៅរកអាជ្ញាធរមូលដ្ឋានដែលនៅជិត ប៉ុន្ដែសុទ្ធតែត្រូវការប្រើប្រាស់ពេលវេលា មិនមែនភ្លាមៗតាមចិត្តរបស់ជនរងគ្រោះនោះទេ។
លោកស្រី ស ស៉ីណែត បានបន្ដទៀតថា យន្ដការដែលក្រសួងកិច្ចការនារីដែលបានធ្វើការឆ្លើយតបសំខាន់បំផុត គឺក្រសួងមានក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាដែលពាក់ព័ន្ធនឹងស្ដ្រី ដែលមានចាប់ពីថ្នាក់ក្រសួង រហូតដល់ថ្នាក់ស្រុក ព្រមទាំងលេខទូរស័ព្ទ HelpLine ផងដែរ។ តាមរយៈការដាក់ចេញនូវលេខទូរស័ព្ទ ដើម្បីផ្ដល់ជំនួយអន្ដរាគមន៍នេះ គឺបង្កលក្ខណៈងាយស្រួលដល់ជនរងគ្រោះ និងធានាដល់សុវត្ថិភាពរបស់ពួកផងដែរ។
សូមជម្រាបថា ក្នុងរយៈពេល២ឆ្នាំ (២០១៩-២០២២) ក្រសួងកិច្ចការនារី មានស្ត្រីជនរងគ្រោះដោយអំពើហិង្សាទាក់ទងយេនឌ័រ ចំនួន៣.១១៥៣ករណី បានទទួលសេវាប្រឹក្សាយោបល់ផ្នែកច្បាប់ ផ្លូវចិត្ត សម្របសម្រួលរកមេធាវី រៀបចំពាក្យបណ្តឹង អន្តរាគមន៍ សម្របសម្រួលបញ្ជូនបន្ត និងតាមដានការប្រកាសសាលក្រម ដោយផ្ទាល់ និងអនឡាញ៕