(ភ្នំពេញ)៖ លោកស្រី Sandra Bernklau ប្រធានអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ថ្មីប្រចាំកម្ពុជា បានប្ដេជ្ញាបន្ដសហការជាមួយក្រសួងសុខាភិបាល ឱ្យកាន់តែប្រសើរបន្ថែមទៀត ក្នុងការកាត់បន្ថយអត្រាមរណភាព មាតា ទារក និងកុមារនៅកម្ពុជា។
ការប្ដេជ្ញារួមគ្នានេះ បានធ្វើឡើងក្នុងឱកាស លោកស្រី Sandra Bernklau ត្រូវបានចាត់តាំងជាប្រធានអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ថ្មីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នាទីស្ដីការក្រសួងសុខាភិបាល។
ក្នុងឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះវត្ដមានរបស់លោកស្រី និងថ្លែងអំណរគុណដល់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ដែលបានសហការគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសកម្មវិធីគាំពារមាតា ទារក និងកុមារ ដែលធ្វើឱ្យបានសម្រេចជោគជ័យមុនកាលកំណត់នូវគោលដៅអភិវឌ្ឍសហវត្សទី៥ ស្ដីអំពីបញ្ហាសុខភាពមាតា ទារក និងកុមារ។
លោកស្រី Sandra Bernklau បានថ្លែងអំណរគុណដល់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងសម្ដែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងការរាលត្បាតជំងឺកូវីដ១៩ បានល្អជាងគេក្នុងចំណោមប្រទេស ដែលគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩ នៅលើពិភពលោក។
ជាមួយគ្នានោះ ប្រធានអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន បានឯកភាពជាមួយក្រសួងសុខាភិបាល ក្នុងកិច្ចសហការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីគាំពារមាតា កុមារ និងទារក ជាពិសេសបានកាត់បន្ថយអត្រាមរណៈភាពមាតា៧៥% ពោលគឺបានកាត់បន្ថយអត្រាស្លាប់របស់មាតា ៤៧២នាក់ ក្នុងចំណោម ១០០,០០០កំណើតរស់ ក្នុងឆ្នាំ២០០៥ មកនៅត្រឹម ១៥៤នាក់ ក្នុងឆ្នាំ២០២១។
ទន្ទឹមនឹងនោះ លោកស្រីបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្ដិការ និងភាពជាដៃគូរវាងក្រសួងសុខាភិបាល ជាមួយមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន ដែលជាដៃគូដ៏សកម្ម និងល្អក្នុងការចូលរួមឱ្យប្រសើរនូវសុខភាពមាតា ទារក និងកុមារនៅកម្ពុជា ។ក្រៅពីនោះមូលនិធិនេះ គ្រោងនឹងរៀបចំនូវផែនការយុទ្ធសាស្ដ្រ កម្មវិធីអភិវឌ្ឍប្រចាំប្រទេសរបស់ខ្លួន ដែលនឹងចាប់ផ្ដើមរៀបចំធ្វើថ្មី ហើយបានស្នើសុំការគាំទ្រពីក្រសួងសុខាភិបាល។
ជាការឆ្លើយតប រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងគាំទ្រ និងសហការជាមួយអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕