(រតនគិរី)៖ បន្ទាប់ពីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា អស់រយៈពេល៩ថ្ងៃ រួចមក នៅវេលាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ សពលោក ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលរតនគិរី និងជាសមាជិក គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ត្រូវបានក្រុមគ្រួសាររៀបចំពិធីដង្ហែចេញពីគេហដ្ឋាន ក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ឆ្ពោះទៅបញ្ចុះនៅលើភ្នំឥសីបតមៈ វត្តឥសាន្តរតនារាម ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។
ពិធីដង្ហែសពលោក ប៊ូ ឡាំ មានការអញ្ជើញចូលរូមពីសំណាក់លោក ច័ន្ទ សុផល អនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធ យុវជនស.ស.យ.ក យុវជន ស.យ.ស.ស យ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា លោក ប៊ូ ទ្បាំ បានទទួលមរណភាព នៅថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២៖១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៧ ឆ្នាំ ដោយរោគាពាធ។
ជីវប្រវត្តិរបស់លោក ប៊ូ ឡាំ៖
* កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៥៥ នៅភូមិកាចូន ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។
* រៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៨០ នៅភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី ភរិយាឈ្មោះ ហេង ខាំពង្ស (មានកូន០៤នាក់) មានឪពុកឈ្មោះ ថាវ ប៊ូ និងម្តាយឈ្មោះ ណាង ដាំ និងមានបងប្អូន ០៤នាក់ ប្រុស០៣នាក់ (ស្លាប់ម្នាក់)។
* ឆ្នាំ១៩៦៦៖ មានតួនាទីជាប្រធានកុមារតស៊ូបដិវត្តន៍នៅភូមិកាចូន ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។
* ឆ្នាំ១៩៧០៖ ចូលធ្វើយោធានៅស្រុកវើនសៃ។
* ឆ្នាំ១៩៧៤៖ រត់ទៅប្រទេសវៀតណាមដោយសារខ្មែរក្រហមសម្លាប់មនុស្ស។
* ឆ្នាំ១៩៧៨៖ ចូលបំរើកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។
* ឆ្នាំ១៩៧៩៖ ធ្វើការនៅអគ្គភស្តុភារ នៃក្រសួងការពារជាតិ ភ្នំពេញ។
* ឆ្នាំ១៩៨០៖ ចូលវគ្គបំប៉នវិស័យយោធារយៈពេល០៩ខែ នៅសាលាជើងគោកភ្នំពេញ។
* ឆ្នាំ១៩៨២៖ ចូលរៀននៅសាលាបំពេញវិជ្ជាមជ្ឈិមភ្នំពេញ។
* ឆ្នាំ១៩៨៦៖ ប្រឡងជាប់ទុតិយភូមិ និងបន្តការសិក្សាមធ្យមជាន់ខ្ពស់កងទ័ពកម្ពុជា នៅទីក្រុងហាណូយ ប្រទេសវៀតណាម រយៈពេល០៣ឆ្នាំ។
* ឆ្នាំ១៩៨៨៖ ត្រឡប់មកពីទីក្រុងហាណូយ ចូលធ្វើការនៅក្រសួងការពារជាតិដដែល រហូតដល់់ឆ្នាំ១៩៩០ ជាប្រធានមន្ទីរនយោបាយស្នងការបច្ចេកទេសក្រសួងការពារជាតិ។
* ឆ្នាំ១៩៩០៖ រដ្ឋាភិបាលបានប្រគល់តួនាទីមកធ្វើជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី។
* ឆ្នាំ២០០៥៖ មានតួនាទីជាអភិបាលរងខេត្តរតនគិរី។
* ឆ្នាំ២០០៩៖ មានតួនាទីជាសមាជិកក្រុមប្រឹក្សាខេត្តរតនគិរី។
* ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១២៖ មានតួនាទីជាសមាជិករដ្ឋសភាប្រចាំមណ្ឌលខេត្តរតនគិរី។
* ឆ្នាំ២០១៧៖ រាជរដ្ឋាភិបាលបានបំពាក់ឋានន្តរស័ក្តកិត្តិយសថ្នាក់ឧត្តមសេនីយ៍ទោ។
* ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨៖ ចូលកាន់តំណែងជាតំណាងរាស្ត្រអាណត្តិទី៦ ប្រចាំមណ្ឌលខេត្តរតនគិរី៕