(កំពង់ចាម)៖ ជាកិច្ចស្វាគមន៍ដល់ខែបួសរ៉ាម៉ាឌន របស់សាសនាឥស្លាម នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញចែកអំណោយមនុស្សធម៌ ជូន សហគម៍ឥស្លាម ដើម្បីត្រៀមចូលបួសរ៉ាម៉ាឌន ដែលជាខែ ដ៏ពិសិដ្ឋ របស់ឥស្លាមទូទាំងសកលលោក ឆ្នាំ១៤៣៧ មូហាំម៉ាត់សាគរាជ។
ពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌល TAHFIZ ANNUR ភូមិទី១៣ ឃុំកោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម។ អំណោយដែលលោក រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ចែកជូនសហគមន៍នាពេលនេះ ជាអំណោយរបស់សប្បុរសជនម៉ាឡេស៊ី សហការជាមួយអង្គការមូលនិធិ អភិវឌ្ឍន៍មុស្លិមកម្ពុជា សាខាស្រុកកោះសុទិន រួមមានប្រព័ន្ឋសូឡាចំនួន ៦គ្រឿង សម្រាប់វិហារចំនួន៦ ប្រព័ន្ធឧឃោសនស័ព្ទ៤ សម្រាប់ វិហារចំនួន៤ ប្រេងម៉ាស៊ូតសម្រាប់ប្រើប្រាស់ម៉ាស៊ីនភ្លើង សម្រាប់បំភ្លឺក្នុងភូមិចំនួន៦៩ មួយភូមិទទួលបាន ៨០លីត្រ និង ចែកអំណោយ កញ្ចប់ជូនប្រជាពលរដ្ឋក្រីក្រ ៤៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបានស្កសរ ២គីឡូក្រាម ទឺកដោះគោ ២កំប៉ុង ទឹកសឺរ៉ូ ១ដប សាគូ ១គីឡូ តែ ២កញ្ចប់ ឧបត្ថម្ភថវិកាដល់វិហារចំនួន២៤ ក្នុងវិហារមួយទទួលបាន ១៥ម៉ឺនរៀល សរុបថវិកាទាំងអស់ ដែលឧបត្ថម្ភនាពេលនេះស្មើនឹង ២៧,២៨៨,៥០០រៀល។
លោក ឧកញ៉ា អូស្មាន ហាស្សាន់ ថ្លែងថា ដោយគោលនយោបាយដឹកនាំប្រទេសប្រកបដោយសន្តិភាព និង សេរីភាពលើជំនឿសាសនា របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យវិស័យនានា រួមទាំងវិស័យសាសនា មានការរីកចម្រើនឥតឈប់ឈរ ដោយមិនមានការខ្វែងគំនិត ឬ ការ រំលោភសិទ្ធិសេរីភាពទៅលើការប្រតិបត្តិវិន័យ របស់សាសនាណាមួយ ផ្ទុយទៅវិញសាសនិកទាំងអស់ រស់នៅប្រកបដោយសុខដុមរមនីយ កម្ម នៅក្រោមដំបូលតែមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
ឧកញ៉ា អូស្មាន ហាស្សាន់ ថ្លែងបន្តថា រ៉ាម៉ាឌន ជាខែដ៏ពិសិដ្ឋរបស់ឥស្លាម គ្រប់ទិសទីនៅលើសកលលោក ដែលអនុវត្តនៅលើប្រព័ន្ធលំនាំ ប្រពៃណីតែមួយ រយៈពេលមួយខែ ដែលត្រូវចាប់ផ្តើមប្រហែលជានៅថ្ងៃទី៦ ឬទី៧ ខែមិថុនា ឆ្នាំ២០១៦ ផ្អែកលើការមើលឃើញខ្នើតខែ។
លោកឧកញ៉ាបន្តថា បួសរ៉ាម៉ាឌន ជាការបង្ហាញវប្បធម៌សន្តិភាពមួយ ដ៏ប្រសើរសម្រាប់សហគមន៍ឥស្លាម ព្រោះពិធីបួសរ៉ាម៉ាឌន គឺតម្រូវឲ្យ សាសនិកឥស្លាម ដែលពេញវ័យគ្រប់ស្រទាប់វណ្ណៈ ធ្វើការតមអាហារ រយៈពេលប្រមាណជា ១៤ម៉ោង ជារៀងរាល់ថ្ងៃ ដើម្បីបញ្ជាក់អំពីការរួម រស់ស្មើសិទ្ធិគ្នារវាងមនុស្សគ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកដែលមានជីវភាពធូរធារ អាចដឹងពីរស់ជាតិក្រលំបាក និង ការអត់ឃ្លានរបស់ជន ក្រីក្រ ដែលគេចាំបាច់ត្រូវបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួន ជូនជនក្រីក្រទាំងឡាយ។
ឧកញ៉ា អូស្មាន ហាស្សាន់ បានបន្តថា បួសមិនមែនតែការតមអាហារប៉ុណ្ណោះឡើយ តែត្រូវតមទាំងអស់នូវរាល់កាយវិការមិនសមរម្យ ការ និយាយស្តីបង្កប៉ះពាល់សិទ្ធិ និង អារម្មណ៍អ្នកដទៃ ការបៀតបៀន រំលោភសិទ្ឋិ ការកេងប្រវ័ញ្ញ និង អំពើរអសិលធម៌ផ្សេងៗ៕