(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រ Milanna Leatherware M.F.Y (Cambodia) Co. Ltd ដែលជារោងចក្រផលិតកាបូប និងខ្សែក្រវ៉ាត់គ្រប់ប្រភេទនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានថៅកែជាជនជាតិចិន។ រោងចក្រនេះ នឹងមានតម្រូវការកម្លាំងពលកម្មរហូតដល់ទៅជាង ២,០០០នាក់ នាពេលខាងមុខនេះ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រនាពេលនេះ លោក វ៉ី សំណាង បានលើកឡើងថា ជ្រកក្រោមម្លប់ នៃសុខសន្តិភាពពេញលេញ អ្នកវិនិយោគនៅតែបន្តមកប្រកបមុខរបរនៅកម្ពុជា ដោយឡែកនៅក្នុងទឹកដី ខេត្តកំពង់ស្ពឺ យ៉ាងណាម៉ិញគិតត្រឹមថ្ងៃនេះ ខេត្តកំពង់ស្ពឺទាំងមូលមានរោងចក្រ សហគ្រាស វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរចំនួនសរុប១៨៦កន្លែង និងមានកម្លាំងពលកម្មសរុប ចំនួន ១៤៨,៣៦៧នាក់ ស្រី ១១៥,៤៧៥នាក់។

ក្នុងឱកាសនោះ លោកអភិបាលខេត្តកំពង់ស្ពឺ បានកោតសរសើរ និងថ្លែងអំណរគុណថៅកែរោងចក្រ ដែលសម្រេចចិត្តមកដាក់ទន់វិនិយោគក្នុងខេត្តកំពង់ស្ពឺ។ លោកសូមផ្តាំផ្ញើជូនដល់អ្នកគ្រប់គ្រងរោងចក្រ ត្រូវគោរពច្បាប់ទម្លាប់ របស់កម្ពុជាចំពោះបងប្អូនកូនក្មួយជាកម្មករ និងនិយោជិកថា នៅពេលមានបញ្ហាសូមធ្វើការដោះស្រាយបញ្ហាស្របទីតាមនីតិវិធីច្បាប់ និងយោគយល់គ្នាខ្ពស់។

លោកថា នៅពេលមានបញ្ហាកើតឡើងសូមបងប្អូនទាក់ទងទៅសហជីពដើម្បីជួយសម្របសម្រួល ហើយបើដោះស្រាយមិនបាន សូមទំនាក់ទំនងទៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្ទាល់ ដើម្បីឱ្យគាត់មកជួយបងប្អូន ចៀសវាងការធ្វើសកម្មភាពទាមទារតវ៉ាផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនផងដែរ៕