(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍កិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ម៉ែន ចន្នី ព្រមទាំងសហការីញាតិ បានអញ្ជើញដាក់បិណ្ឌវេនទី១១ នៅវត្តត្រពាំងវែង ស្រុកគងពិសីខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២២។

នាឱកាសនោះ លោកកិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី បានរួមគ្នាធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណីជាច្រើនមុខវេរប្រគេនជូនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តានជាដើម។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ និងលោកស្រី ក៏បានប្រគេនបច្ច័យវត្ត្រពាំងវែងចំនួន១០លានរៀល និង៦វត្តទៀតប្រគនបច្ច័យ ២លានរៀល អង្ករចំនួន២០០គីឡូក្រោម មី១០កេសតូច ត្រីខ៤យួរ ប៊ីចេង២គីឡូ ទឹកត្រី២យួរ ទឹកស៊ីវអ៊ីវ២យួរ ទឹកសុទ្ធ១០កេស ទឹកក្រូច១០កេស ទឹកដោះគោល១០កុំប៉ុង សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តព្រះពុទ្ធពរនេះផងដែរ។

ថ្នាក់ដឹកនាំ គ្រប់គ្នាបានបង្ហាញនូវទឹកចិត្តជ្រះថ្លាញញឹមរីករាយនឹងការកសាងកុសលផលបុណ្យជាមួយព្រះពុទ្ធសាសនា នាឱកាសពិធីបុណ្យប្រពៃណីជាតិនេះ។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឲ្យ មាតាបិតា ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន ដើម្បីឲ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព។

ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ៕