(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផលិតវីដេអូចំនួន២ទៀត ដើម្បីផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញពួកគាត់ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចូលរួមចុះឈ្មោះបោះឆ្នោត។
គ.ជ.ប ក៏បានបញ្ជាក់ដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់នឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។
ក្នុងកិច្ចសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ គ.ជ.ប បានបើកកិច្ចប្រជុំពិនិត្យនិងសម្រេចលើខ្លឹមសារអត្ថបទវីដេអូសម្រាប់ធ្វើការបណ្តុះបណ្តាល ស្ដីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ និងពិនិត្យ សម្រេចលើខ្លឹមសារអត្ថបទវីដេអូសម្រាប់អប់រំប្រជាពលរដ្ឋទូទៅឱ្យយល់ដឹងអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួននៃខ្លឹមសារអត្ថបទវីដេអូទាំងពីរនេះ រួចអនុញ្ញាតឱ្យមន្ត្រីជំនាញយកទៅថតតាមខ្លឹមសារនៃអត្ថបទដែលបានកែសម្រួល បន្ទាប់មកត្រូវដាក់វីដេអូដែលថតរួចឆ្លងអង្គប្រជុំ គ.ជ.ប ម្តងទៀត មុននឹងយកទៅអនុវត្តនិងផ្សព្វផ្សាយជូនសាធារណជន។
តាមខ្លឹមសារអត្ថបទវីដេអូខាងលើនេះ វីដេអូស្ដីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល៦០នាទី ប្រើសម្រាប់ធ្វើការបណ្ដុះបណ្ដាលជូនមន្ត្រីបោះឆ្នោត និងវីដេអូមួយទៀតមានរយៈពេល១៥នាទី ប្រើសម្រាប់ផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងអញ្ជើញពួកគាត់ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត និងសម្រាប់ប្រជាពលរដ្ឋដែលគ្រប់អាយុ១៨ឆ្នាំ ត្រូវអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា៕